បរទេស៖ ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា Zlatan Ibrahimovic បាន​បន្ត​កិច្ច​សន្យា​​របស់​គេ​សម្រាប់​រយៈ​ពេល​១​ឆ្នាំ​នៅ​ក្លិប AC Milan បើ​ទោះ​បី​ប្រឈម​មុខនឹង​ការ​សម្រាក​រយៈពេល​វែង ក្រោយពី​វះ​កាត់​ជង្គង់​របស់​គេ​ក៏ដោយ​។

កាលពី​ចុង​ខែ​ឧសភា Ibrahimovic ពោល​គឺ​ភ្លាម​ៗ​បន្ទាប់​ពី​ឈ្នះពាន​ក្រប​ខ័ណ្ឌ Serie A បាន​ទទួល​ការ​វះ​កាត់​ត្រង់​ជង្គង់​ឆ្វេង​របស់​គេ ដើម្បី​ព្យា​បាល​ឡើង​វិញ​ទៅលើ​របួស និង​ការ​អស្ថិរភាព ដែល​បង្ករ​ឡើង​ដោយ​​របួស​សរសៃ​សំខាន់​ផ្នែក​ខាង​ក្នុង​កាលពី​លើកមុន​។ កីឡាករ​វ័យ​៤០ឆ្នាំ​រូបនវ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​អវត្តមាន​រហូត​ដល់​ទៅ​៨​ខែ ហេតុនេះ រូប​គេ​ទំនង​ដូច​ជា​ត្រូវ​ចូល​លេង​វិញនៅ​ពាក់កណ្តាល​រដូវ​កាល​ចុងក្រោយនៃ​ឆ្នាំ​២០២២-២០២៣​។

2GK3X27 Zlatan Ibrahimovic of AC Milan celebrates after scoring a goal during the Italian championship Serie A football match between AC Milan and SS Lazio on September 12, 2021 at San Siro stadium in Milan, Italy – Photo Fabrizio Carabelli / Fabrizio Carabelli Images / DPPI

ទោះ​បី​ជា​យ៉ាង​ណា ក្លិប AC Milan បានប្រកាស​កាលពីថ្ងៃចន្ទ​ថា ខ្សែ​ប្រយុទ្ធ​​ស៊ុយ​អែត​ជើង​​ចាស់​រូបនេះ ដែល​បាន​ស៊ុត​បាល់បញ្ចូល​ទី​៨​គ្រាប់ កាលពី​រដូវកាល​មុន ដើម្បី​ជួយ​ឲ្យ​ពួកគេ​ឈ្នះពាន Serie A ជាលើក​ដំបូង​ក្នុង​រយៈពេល​១១​ឆ្នាំ ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​បន្ត​នៅ​កីឡដ្ឋាន San Siro​។ រូប​គេ​នឹង​ឈាន​ចូល​វ័យ​៤១ឆ្នាំ នៅថ្ងៃទី​៣ ខែ​តុលា ខាងមុខនេះ​។ ក្លិប​បាន​​ឲ្យដឹង​ក្នុង​សេចក្តីថ្លែ​ងការណ៍​មួយ​ថា៖ «ក្លិប AC Milan ពិត​ជា​រីករាយ​ណាស់​ក្នុងការ​ប្រកាស​​ពីការ​បន្តកុង​ត្រា​ថ្មី​របស់ Zlatan Ibrahimovic រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែមិថុនា ឆ្នាំ​២០២៣​។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយ​អែត​រូបនេះ នឹង​បន្ត​ពាក់​អាវ​លេខ​១១​»​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian