បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ នៅ​រាត្រី​នេះ នៅ​ក្នុង​ការ​ប្រកួត​អន្តរ​ជាតិ​ជាលើក​ទី​១ ក្នុង​កីឡដ្ឋាន​ដែល​គ្មាន​​អ្នក​គាំទ្រ នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អាល្លឺ​ម៉ង់ ខណៈ​ដែល​លោក​គ្រូបង្វឹក Joachim Loew ត្រៀម​​ប្រើប្រាស់​ក្រុម​ថ្មី​មួយ ដែល​អវត្ត​មាន​តារាឆ្នើម​ៗ​របស់ក្លិប Bayern Munich​។

ជា​ធម្ម​តា ​អ្នក​ទស្ស​នា​ប្រមាណ​ជា​៥​ម៉ឺននាក់ ​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចូលរួម​ទស្ស​នា​នៅ​កីឡដ្ឋាន Mercedes-Benz-Arena ក្នុង​ទីក្រុង Stuttgart សម្រាប់​ការ​ប្រកួត​អន្តរ​ជាតិ​លើ​ទឹកដីខ្លួន​ឯង ពេល​ប៉ះ​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​។ ប៉ុន្តែ ដោយ​សារ​តែ​ការ​រាត​ត្បាត​ជាសកល​របស់​វីរុស​កូរ៉ូ​ណា ការ​ប្រកួត​អន្តរ​ជាតិ​ជាលើក​ទី​១​របស់​អាល្លឺ​ម៉ង់ ក្នុង​រយៈពេល​ជិត​១០​ខែ ត្រូវ​តែ​លេង​នៅ​កីឡដ្ឋាន​ដែឡ​គ្មាន​អ្នក​គាំទ្រ​។ សំណើ​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អាល្លឺ​ម៉ង់ ដើម្បី​អនុ​ញ្ញាត​ឲ្យ​​អ្នក​គាំទ្រ​ប្រមាណ​ជា​៥០០​នាក់ ចូល​ទស្ស​នា​ការ​ប្រកួត​ពាន National League នេះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ទ្វីប​អឺ​រ៉ុប ហៅ​កាត់ថា UEFA។ លោក Fritz Keller ប្រធាន​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អាល្លឺ​ម៉ង់ បាន​ទទួល​ស្គាល់​ថា៖ «ការ​ប្រកួត​ជា​ប្រពៃ​ណី​រវាង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ដ៏ខ្លាំង​ទាំង​២ នៅ​ពី​មុខ​កៅអី​ដែល​គ្មាន​អ្នក​គាំទ្រ គឺ​ជា​រឿង​ដ៏​ឈឺ​ចាប់​មួយ​»​។

អាល្លឺ​ម៉ង់ នឹង​ត្រូវ​លេង​ការ​ប្រកួត​អន្តរ​ជាតិ​៨​លើក នៅ​ចន្លោះ​ខែ​នេះ និង​ខែ​វិច្ឆិកា ហើយ​លោក Loew ចង់​រៀប​ចំ​​ក្រុម​កីឡាករ​របស់​លោក​ឲ្យ​បាន​ល្អ នៅមុន​ពេលយុទ្ធនា​ការ Euro ២០២០ ដែល​ត្រូវ​បាន​លើក​ពេល​ទៅ​ឆ្នាំ​ក្រោយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia