បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បែលហ្ស៊ិក បាន​លត់​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ យ៉ាង​ចាស់​ដៃ ដើម្បី​កត់​ត្រា​ជ័យ​ជម្នះក្នុង​លទ្ធផល ៦-១ ក្នុង​ការ​ប្រកួត National League របស់ពួក​គេ ក្នុង​ទីក្រុង Brussels កាលពីថ្ងៃពុធ​។ ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក បាន​​រង​​បរា​ជ័យ​ក្នុងការ​ប្រកួត​បើកឆាក​របស់​ខ្លួន ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ ប៉ុន្តែ​បាន​ឆ្លើយ​តប​វិញ​ ជាមួយ​នឹង​ទម្រង់​លេង​យ៉ាងល្អ និង​បាន​បញ្ចប់​ការ​ប្រកួតនេះ តាមរយៈ​ការ​រក​បាន​ដល់​ទៅ​៥​គ្រាប់ ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ​៣០នាទី​។

លោក Roberto Martinez គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​ បាន​និយាយ​ថា៖ «វា​ផ្តល់​​កម្លាំង​ចិត្ត​ត្រឡប់​មក​វិញ ក្រោយពី​លោក​​អ្នកបាន​បាត់​បង់​ពេល​ប្រកួត​ជាមួយនឹង​គូ​ប្រកួត​របស់​លោក​អ្នក ហេតុនេះ វា​ផ្តល់​នូវ​ការ​លើក​ចិត្ត​ទឹក​បន្ថែម នៅរាត្រីនេះ​»​។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «នៅពេល​ប្រកួត​ជាមួយ​នឹងក្រុម​ជម្រើស​​ជាតិហូ​ឡង់ យើង​មិន​សកម្មភាពឡើយ ដោយ​រង់​ចាំ និង​គ្មាន​សុវត្ថិភាព​។ ពេលនេះ យើង​​គឺជា​ក្រុ​ម​វិញ មិនមែន​ជា​​បុគ្គ​ល​ម្នាក់​ៗ​ឡើយ​»​។

ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ទំនង​ដូចជា​រង​នូវ​ការ​ខក​ចិត្ត​មួយផ្សេង​ទៀត​ហើយ កាលពីថ្ងៃពុធ ខណៈ​ដែលក្រុម​ភ្ញៀវ​បាន​រក​គ្រាប់​បាល់នាំមុខមុន ក្រោយ​ពី​លេង​បាន​២៨នាទី ក្រោយ​ពីខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​​ស៊ុត​បាល់​បញ្ចូល​ទី​ ដើម្បី​រក​គ្រាប់​បាល់​ទី​២២ សម្រាប់ក្លិប និង​ប្រទេស​របស់​គេនៅឆ្នាំ​២០២២​នេះ​។ ប៉ុន្តែ ក្រុម​ម្ចាស់​ផ្ទះ​ បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ នៅមុន​ពេល​បញ្ចប់​តង់ទី​១ ហើយ​បាន​បន្ត​រក​គ្រាប់បាល់​ជា​បន្ត​បន្ទាប់​នៅ​តង់ទី ដើម្បី​បំពេញ​ជ័យ​ជម្នះ​សម្រាប់​ក្រុម​ខ្លួន​តែម្តង​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia