បរទេស៖ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​ជិត​​បញ្ចប់​ការ​ប្រកួត​របស់​​កីឡាករ Jose Luis Gaya បាន​ជួយ​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ដណ្តើម​បាន​​លទ្ធផល​ស្មើ ១-១ នៅលើ​ទឹកដីក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ កាលពីថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​ការ​ចាប់​ផ្តើម​យុទ្ធ​នាការ UEFA Nations League បានក្លាយ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​​​កីឡា​បាល់​ទាត់​អន្តរ​ជាតិ នៅ​ទ្វីប​អឺ​រ៉ុប ក្រោយពី​ការ​ផ្អាក​អស់រយៈ​ពេល​អស់រយៈ​ពេល​១០​ខែ ដោយ​សារ​តែ​ការ​ឆ្លង​រាត​ត្បាត​របស់​វីរុសកូរ៉ូ​ណា​។

ខ្សែ​ការ​ពារ Gaya របស់​ក្លិប Valencia បាន​ទទួល​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទីនៅ​ជិត​ប្រអប់ទី នៅ​នាទី ទី​៦​នៃ​នាទី​បន្ថែម ក្នុង​ទីក្រុង Stuttgart ក្រោយពី​កីឡាករ Rodrigo Moreno បាន​តែត​បាល់​សំដៅទីពីការ​បញ្ជូន​បាន​ឆ្លង​របស់ Ferran Torres ក្នុងការ​ប្រកួត​ National League ពូល A ក្រុម 4​។ នៅ​មុន​ពេល​នេះ​បន្តិច ខ្សែ​ប្រយុទ្ធ Timo Werner របស់​ក្លិប Chelsea បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ មាន​គ្រាប់​បាល់​នាំ​មុខ​មុន ក្រោយ​ពី​បញ្ចប់​តង់ទី​១ ក្នុង​ការ​ប្រកួត​ដ៏​រំភើប​មួយ​រវាងក្រុម​​ជម្រើស​ជាតិ​២ ដែល​ជាអតីតម្ចាស់​ជើង​ឯក World Cup ដូច​គ្នា​។ នេះ​គឺ​ជា​ការ​ប្រកួត​ជាលើក​ទី​១​របស់​លោក Luis Enrique ក្នុង​នាម​ជា​គ្រូបង្វឹក​របស់​​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ បើ​ទោះ​បី​ត្រូវ​បាន​តែង​តាំង​ជា​ថ្មី​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្រោយ​ពីការ​​ប្រកួត​ចុងក្រោយ​របស់​ពួកគេ ក្នុង​ការ​ប្រកួត​ជម្រុះ Euro ឆ្នាំ​២០២០​។

ប្រធាន​ក្រុម​ក្រុម​អេ​ស្ប៉ាញ Sergio Ramos ដែល​បាន​បង្ហាញ​ខ្លួន​ជា​អន្តរ​ជាតិ​ជាលើក​ទី​១៧១​​របស់​គេ បាន​ឲ្យ​ដឹង​ថា៖ «ក្រុម​នេះ ពោរពេញ​ដោយ​​ការ​ជឿជាក់ និង​ស្រេក​ឃ្លាន​។ យើង​មិន​សម​ចាញ់​ឡើយ ហើយ​យើង​បាន​រក្សា​ការ​ប្រយុទ្ធ​រហូត​ដល់​ទី​បញ្ចប់​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia