ក្រុម​ភ្នំពេញ​ក្រោន បាន​​ធ្វើ​ឲ្យ​ឱកាសការពារ​តំណែង​ជើង​ឯក​ នៃ​លីកកំពូល​កម្ពុជា របស់​​ក្រុម​ព្រះ​ខ័នរាជស្វាយរៀង ​បាន​ធ្លាក់​ចុះ​មួយ​កម្រិតទៀត ក្រោម​ស្នាដៃ​របស់​ពួកគេ ចំណែក​​ខ្សែ​ប្រយុទ្ធ ម៉ាត់ នូរុណ បាន​ក្លាយ​ជា​វីរបុរស ដែល​បាន​ជួយ​ឲ្យក្រុម​បឹងកេត កើន​ភាគ​រយ​ ក្នុងការ​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ពាន នៅ​រដូវ​កាល​នេះ។

សម្រាប់​ការ​ប្រកួត​នៅ​លើ​ទី​លាន​ផ្សេង​គ្នា កាល​ពី​ថ្ងៃអាទិត្យ ម្សិល​មិញ​នោះ ភ្នំពេញ​ក្រោន បាន​បង្កើត​រឿង​ដ៏​គួរ​ឲ្យភ្ញាក់ផ្អើល​មួយ គឺ​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ ស្វាយរៀង ២-១ ខណៈ​ការ​ប្រកួត​នោះកីឡាករ​ជប៉ុនពាក់​លេខ​៩ Nieto រក​បាន​គ្រាប់បាល់​បើក​ឆាក​ឲ្យ ភ្នំពេញ​ក្រោន នៅនាទីទី​​៦ មុន​ពេល ប្រាក់ មុនីឧត្តម ស៊ុត​តាមស្មើ​ឲ្យ ស្វាយរៀង នៅនាទីទី​​២៣ ប៉ុន្តែ  Nieto ដដែល បាន​រក​ឃើញ​គ្រាប់បាល់​ទី​២​របស់ខ្លួន និងជា​គ្រប់​បាល់​ជ័យជម្នះ​ឲ្យ ភ្នំពេញ​ក្រោន នៅនាទីទី​៣៥។

នៅ​ក្រោយ​ការ​ឈ្នះ​បាន​៣ពិន្ទុ នៅកីឡដ្ឋាន​ខេត្តស្វាយរៀង​នេះ លោក កែវ សុខង៉ន អ្នក​ចាត់​ការទូទៅ​ក្រុម​ភ្នំពេញ​ក្រោន បាន​ជំរុញ​ឲ្យកូន​ក្រុម​របស់​លោក បង្កើន​ឆន្ទៈ​ឲ្យ​បាន​កាន់​តែ​ខ្លាំង សម្រាប់​​ត្រៀម​ការ​ប្រកួត​ចំនួន​៤​លើក​ទៀត នៅ​ក្នុងតំបន់ Top6 នេះ។

អតីត​ខ្សែ​ប្រយុទ្អ​ក្រុម​ជម្រើសជាតិ កែវ សុខង៉ន បាន​និយាយ​ជាមួយ​កូន​ក្រុម នៅ​ក្រោយ​ការ​ប្រកួត​ថា៖ ​«អ្វី​ដែល​យើង​ទទួល​បាន​នៅ​ថ្ងៃ​នេះ វា​កើត​ចេញ​ពី​ការជឿជាក់​លើ​គ្នា ការ​តាំង​ចិត្ត​ទាំង​អស់​គ្នា និងការ​មាន​ឆន្ទៈ​ដូច​គ្នា អ៊ីចឹងយើង​នឹង​បន្ត៤​ប្រកួត​ទៀត ដោយ​សង្ឃឹម​ថា អ្នក​ទាំង​អស់​គ្នា មាន​ឆន្ទៈ​ខ្ពស់ជាង​នេះ​ទ្វេដង»។

ជាមួយ​គ្នា​នេះ ក្រុម​បឹងកេត បាន​បន្ត​យក​ឈ្នះ​លើ​ក្រុមម្ចាស់​ផ្ទះ វិសាខា ៣-២ ហើយ​ការ​ឈ្នះ​បាន​៣ពិន្ទុនេះ វា​បានកើត​មាន​ឡើង​នៅនាទីទី​ ៩០+៥ ដែល​ជា​ការស៊ុតបាល់​បញ្ចូល​ទី​ចុង​ក្រោយ​របស់ ម៉ាត់ នូរុណ បន្ទាប់​ពី​ក្រុមទាំង​២ បានស្មើ​គ្នា ២-២ នៅ​ត្រឹម​នាទីទី​៧១ ដោយក្នុង​នោះ Filip បានជួយ​ឲ្យ វិសាខា នាំ​មុខ​មុន នៅនាទីទី​៥៥ មុនពេល ម៉ាត់ នូរុណ និង Gopane Mothusi រក​បាន​ម្នាក់​១​គ្រាប់​ឲ្យ បឹងកេត នៅនាទីទី​៥៨ និង​ទី​៦៣ ហើយ Ajayi ជា​អ្នកតែត​ស្មើ​ឲ្យ វិសាខា វិញ នៅនាទីទី​៧១។

ការ​ឈ្នះ​៣ពិន្ទុ​ពី​ក្រុម​ម្ចាស់​ផ្ទះ​វិសាខា ស្រប​ពេល​​ក្រុម​ស្វាយរៀង ជា​គូ​ប្រជែង បាន​ចាញ់ ភ្នំពេញ​ក្រោន នេះ បាន​ជួយ​ឲ្យ​បឹងកេត បន្ត​ឈរ​នៅ​លើ​កំពូល​តារាង ដោយ​មាន​៣៥ពិន្ទុ ដាច់ពី ស្វាយរៀង ចំនួន​៤ពិន្ទុ។ ចំណែក​ក្រុម​ភ្នំពេញក្រោន បាន​ឡើង​មក​ឈរ​នៅ​លេខ​៥ ខណៈ វិសាខា បាន​ធ្លាក់​ពី​លេខ​៣ ទៅ​ឈរ​នៅ​លេខ​៥​វិញ ដោយ​មាន​២៣ពិន្ទុ ស្មើ​ជាមួយក្រុម​ណាហ្គាវើល ដែល​បានត្រឹមស្មើ ១-១ ជាមួយ​ក្រុម​កងយោធពល​ខេមរភូមិន្ទ កាល​ពី​ថ្ងៃសៅរ៍។

ដោយ​ឡែក សម្រាប់​ការ​ប្រកួត​ប្រជែង​រវាង​ក្រុម​ចំណាត់​ថ្នាក់ទាំង​៧ (ក្រុមលេខ​៧ ដល់​លេខ​១៣) ក្រុមអង្គរ​ថាយហ្គឺរ បាន​យក​ឈ្នះ​​ក្រុម នគរបាលជាតិ ១-០ ស្រប​ពេល គិរីវង់សុខសែន​ជ័យ បាន​ឈ្នះ​ក្រុម​យុវជនសាលា​បាល់​ទាត់បាទីអាយុ​ក្រោម​១៨​ឆ្នាំ ២-១ ប៉ុន្តែ​ក្រុម​ម្ចាស់​ផ្ទះ អគ្គិសនី​កម្ពុជា បានចាញ់​ក្រុមសូល​ទីឡូអង្គរ ២-១៕