បរទេស៖ ក្លិប​ទូក​ក្តោង Everton បាន​បំពេញការ​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ James Rodriguez ពី​ក្លិប Real Madrid កាលីថ្ងៃ​ចន្ទ ដើម្បី​ធ្វើ​ឲ្យ​តារាឆ្នើម​អន្តរ​ជាតិ​កូឡុំ​ប៊ី​រូបនេះ លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti ជាលើក​ទី​៣​។

ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League ​មួយនេះ​ត្រូវ​បាន​ព័ត៌មាន​ចេញ​ផ្សាយ​ថា បាន​​ផ្តល់​តម្លៃ​ខ្លួន​២២​លាន​ផោន (ស្មើ​នឹង​២៩​លាន​ដុល្លារ​អាមេរិក) ដើម្បី​នាំ​យក​ James វ័យ​២៩​ឆ្នាំ ដែល​ជា​​​​អ្នក​រក​បាន​គ្រាប់បាល់ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៤​។ ទម្រង់​លេង​ដ៏ល្អ​របស់ James នៅ​លើ​ឆាក​ពិភព​លោក បាន​ជួយ​ឲ្យ​រូប​គេ​ផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​៨០លាន​​អឺ​រ៉ូ (ស្មើ​នឹង​៩៥លាន​ដុល្លារ​អាមេរិក) ទៅកាន់​ក្លិប Real Madrid កាលពី​៦​ឆ្នាំ​មុន ហើយ​រូ​ប​គេ​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាល្អ​ក្នុង​រដូវ​កាល​ទី​១​របស់​គេ ក្នុង​រដ្ឋ​ធានី​របស់​អេ​ស្ប៉ាញ ក្រោម​ការ​ដឹកនាំ​របស់​លោក Ancelotti​​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា រូប​គេ​បាន​បាត់បង់​តំណែង​ក្នុង​ជម្រើស​ដំបូង​ក្នុង​ក្រុម​របស់​លោក Zinedine Zidane នៅ​កីឡដ្ឋាន Bernabeu និង​មិន​បាន​បង្ហាញ​ពី​កម្រិត​លេង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ​ក្នុង​ពេល​ខ្ចី​ជើងទៅ​លេង​ឲ្យ​ក្លិប Bayern Munich នៅ​ចន្លោះ​ឆ្នាំ​២០១៧ និង​២០១៩ ដែល​ពេល​នោះ​រូប​គេ​ក៏​បានលេង​ក្រោម​ការដឹកនាំ​របស់​លោក Ancelotti ផងដែរ​។

James ក្លាយ​ជា​​កីឡាករ​ចំណូល​ថ្មី​ទី​២​របស់ Everton ក្នុង​ពេល​បើក​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅពេលនេះ ក្រោយពី​ការ​ចូល​រួម​របស់​ខ្សែ​​បម្រើ​​​អន្តរ​ជាតិ​ប្រេស៊ីល Allan ពី​ក្លិប Napoli និង​ជឿជាក់​ថា Everton នឹង​ជួប​អនា​គត​ល្អ បើ​ទោះ​បី​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​១២ នៅ​​លើ​តារាង Premier League កាលពី​រដូវ​កាល​មុន​ក៏ដោយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia