​បរទេស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូ​ល​ទី​២​​គ្រាប់ ដើម្បី​ធ្វើ​ឲ្យ​គ្រាប់​បាល់​​អន្តរ​ជាតិ​​របស់​គេ​កើន​ដល់​១០១​សម្រាប់ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ព័រ​ទុយ​​ហ្គាល់ ក្នុង​ពេល​ពួកគេ​បាន​យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត ក្នុងលទ្ធ​ផល ២-០ ក្នុង​ការ​ប្រកួត​ពាន Nations League កាលពីថ្ងៃ​អង្គារ ស្រប​ពេល​ដែលក្រុម​ជម្រើស​ជាតិ​បារាំង បាន​យកឈ្នះ​លើ​ម្ចាស់​ជើង​ឯក​រង World Cup ក្រូ​អាស៊ី ៤-២​។

Ronaldo បាន​រក​គ្រាប់បាល់​ទី​១០០​របស់​គេ​នៅ​ជិត​បញ្ចប់​តង់​ទី​១ នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Juventus វ័យ​៣៥​ឆ្នាំ​រូបនេះ បាន​ស៊ុត​បាល់​ពិន័យ Free-kick ប្រមាណ​ជា​២៧​ម៉ែត្រ រំលរបាំង​ការ​ពារ និង​ចូល​ក្នុង​ជ្រុង​ម្ខាង​នៃ​ទី​​យ៉ាងល្អ ស្រ​បពេល​ដែល​អ្នក​ចាំ​ទី​ស៊ុយ​អែត Robin Olsen មិន​អាច​សង្គ្រោះ​បាល់​នោះ​បានឡើយ​។ ក្រោយពី​បាន​បង្ហាញ​​ខ្លួន​ជា​អន្តរ​ជាតិក្នុងក្រុម​ឈុត​ធំ​ជាលើក​ដំបូង​របស់​គេ ក្នុង​វ័យ​ត្រឹម​តែ​១៨​ឆ្នាំ កាលពីឆ្នាំ​២០០៣ Ronaldo បាន​រក​គ្រាប់​បាល់​ទី​១​របស់​គេ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ក្នុង​ពេល​ចាញ់​ក្រុម​ជម្រើស​ជាតិក្រិក ក្នុលទ្ធ​ផល ២-១ នា​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០០៤​។

Ronaldo ដែល​បាន​បង្ហាញខ្លួន​ចំនួន​១៦៥​លើក​សម្រាប់ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់នោះ គឺ​ជា​កីឡាករ​ទី​២​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​អ៊ី​រ៉ង់ Ali Daei ដែល​រក​បាន​១០៩​គ្រាប់ នៅលើ​តារាង​នៃ​អ្នក​រក​បាន​គ្រាប់​បាល់ច្រើន​ជាង​គេ​​ក្នុង​ការ​ប្រកួត​អន្តរ​ជាតិ​​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia