បរទេស៖ ក្រុម Leeds United បានរង់ចាំអស់រយៈពេល១៦ឆ្នាំ ដើម្បីវិលទៅកាន់ក្របខ័ណ្ឌ Premier League ហើយក្រុមរបស់លោក Marcelo Bielsa នឹងមានឱកាសក្នុងការបង្កើតការរំឭកមួយនៅពេលដែលពួកគេប៉ះជាមួយនឹងក្រុមម្ចាស់ការតំណែងជើងឯក Liverpool នាកីឡដ្ឋាន Anfield ក្នុងការប្រកួតបើករដូវកាលនៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។
ក្រុមរបស់លោក Jurgen Klopp បានគ្រប់គ្រងក្នុងការប្រកួតក្របខ័ណ្ឌ Premier League ទាំងស្រុងកាលរដូវកាលមុន ក្រោយពីបានឈ្នះពានរង្វាន់លីកនេះជាលើកទី១ក្នុងរយៈពេល៣០ឆ្នាំ តាមរយៈការនាំមុខដល់ទៅ១៨ពិន្ទុលើក្រុមឈរលេខ២ Manchester City។ ដោយឡែក ក្រុម Leeds បានឈ្នះពានក្របខ័ណ្ឌលំដាប់ទី២ Championship តាមរយៈការនាំមុខ១០ពិន្ទុដាច់ ដើម្បីឈ្នះសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌកំពូល ហើយនិងឈានទៅកាន់ក្របខ័ណ្ឌកំពូលទាំងការជឿជាក់ខ្ពស់ បើទោះបីអ្នកគាំទ្ររបស់ពួកគេ មិនអាចចូលរួមគាំទ្រក្រុមរបស់ខ្លួនដោយផ្ទាល់ក៏ដោយ។
ប៉ុន្តែ ក្លិបមានមូលដ្ឋាននៅ Yorkshire មួយនេះ មានការងារជាច្រើនដើម្បីធ្វើឲ្យពួកគេរក្សាវត្តមានក្នុងក្របខ័ណ្ឌ Premier League ខណៈដែលការប្រកួតនេះ នឹងរំឭកដល់ការចងចាំផ្សេងៗនៃការប្រកួតដ៏អស្ចារ្យរវាងក្លិបទាំង២ នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ ដែលនៅពេលនោះពួកគេស្ថិតក្នុងចំណោមក្រុមកំពូលៗនៅអង់គ្លេស៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

