ម្ចាស់​ខ្សែ​ក្រវាត់​២ស្ថាប័ន ឌុម កែវដា មានការ​ជឿជាក់ថា រូប​គេ អាច​នឹង​ឈ្នះ​បានប្រាក់​លាន ជា​ថ្មី​ម្តង​ទៀត នៅ​ក្នុងការ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ប្រាក់​លាន ទម្ងន់​៦៣,៥​គីឡូក្រាម នៃ​កម្ម​វិធី Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន នា​ថ្ងៃអាទិត្យ​នេះ។

យ៉ាងណា​ក៏​ដោយ ឌុម កែវដា ដែល​ធ្លាប់បាន​ឈ្នះ​ប្រាក់​លាន​ម្តងរួច​មក​ហើយ​នោះ បាន​ចាត់ទុក​ថា បេក្ខភាព ឡុង បេនលឿន អាចជាឧបសគ្គ សម្រាប់​ការ​ឈាន​ទៅ​ឈ្នះ​ប្រាក់​លាន ជា​លើក​ទី​២​នេះ ចំណែក​បេក្ខភាព​២នាក់ទៀត មាន​អតីត​មិត្ត​រួម​ក្លិប​ វ៉ែន ​ហុង​ជីវង្ស និង​​ជើង​ថ្មី​ ​រិទ្ធ ​ប៊ុន​ម៉ៅ មិន​ស្ថិត​នៅ​ក្នុងក្តី​បារម្ភ​របស់ កែវដា នោះ​ទេ​។​

សិស្សគណ​ក្លិប​មកុដរាជសីហ៍ ឌុម ​កែវ​ដា ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា​៖«​ខ្ញុំ​រំពឹង​ឈ្នះ​ប្រាក់​លាន​ ប៉ុន្តែ​ជើង​ថ្មី​វ័យ​ក្មេង​ ​ឡុង ​បេន​លឿន​ មក​ពី​ក្លិប​សាលវ័ន្ត​កីឡា​ ដែល​កំពុង​ឡើង​កម្លាំង​គឺ​ជា​ឧបសគ្គ​ធំ ​សម្រាប់​រូប​ខ្ញុំ ​​ប៉ុន្តែ​​ជើង​ចាស់ ​វ៉ែង ​ហុង​ជីវង្ស ដែល​ធ្លាប់ជា​មិត្ត​រួម​ក្លិបជាមួយ​ខ្ញុំ គឺ​ខ្ញុំ​ធ្លាប់​វាយ​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី​៣​ ចំណែក ​រិទ្ធ ​ប៊ុន​ម៉ៅ ​គឺ​គ្មាន​បញ្ហា​លំបាក​ធំដុំ​ ក្នុង​ការ​យក​ឈ្នះ​នោះ​ទេ»។​

បើ​តាម​ការ​អះអាង​របស់ ឌុម កែវដា បាន​ឲ្យ​ដឹង​ថា រូបគេ​ធ្លាប់​បាន​ចាញ់ ឡុង បេនលឿន ២​លើក និង​ឈ្នះតែ​១​លើក​ទេ សម្រាប់​ជំនួប​៣​លើក​កន្លងមក ហើយ​ការ​បង្ហាញ​វត្តមាន​រួម​គ្នា នៅ​ក្នុងការ​ដណ្តើម​ប្រាក់​លាន​នេះ ឌុម កែវដា និង ឡុង បេនលឿន ត្រូវបាន​គេ​គិត​ទុក​ថា នឹង​ត្រូវជួបគ្នា គឺ​បើ​ពួកគេ ចាប់​ឆ្នោត​មិន​ប៉ះ​គ្នា នៅ​វគ្គ​ជម្រុះ​៣​ទឹកដំបូង ក៏​អ្នកទាំង​២នេះ នឹងត្រូវ​ឡើង​ទៅជួបគ្នា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ផងដែរ។

​ឌុម កែវ​ដា ​​បាន​រំឭក និង​បញ្ជាក់​​ថា​៖ «​ខ្ញុំ​ធ្លាប់​ប្រ​កួត​ជា​មួយ​ ឡុង ​បេន​លឿន​ ចំនួន​៣​លើក​ ដោយ​ឈ្នះ​១​ និង​ចាញ់​២លើក​ គឺ​ចាញ់​ផ្នែក​កម្លាំង ​និង​ស្នៀត​ជង្គង់​​នេះ​តែ​ម្តង ​ ប៉ុន្តែ​តាម​រយៈ​ជំនួប​​៣​លើកនោះ ជួយ​ឲ្យ​​ខ្ញុំ​ស្គាល់​ពី​ក្បាច់​ប្រកួត ​បេន​បឿន ​បាន​ និង​មាន​ល្បិច​សម្រាប់​ទប់​ទល់ និង​យក​ឈ្នះ​​។ បន្ថែម​លើនេះ ​តាម​រយៈ​ការ​ហ្វឹក​ហាត់​កម្លាំង​ និង​បច្ចេកទេស ​ខ្ញុំ​សង្ឃឹម​យ៉ាង​ខ្លាំង​ថា ​នឹង​ដណ្តើម​បាន​ប្រាក់​លាន​ ក្នុង​សប្តាហ៍​នេះ​ ​គឺរំពឹង​ឈ្នះ​៨០​ភាគ​រយ»។

ចំណែក ឡុង ​បេន​លឿន ​​ទើប​តែ​សាង​ឈ្មោះ​ល្បី​ ត្រឹម​រយៈ​ពេល​២​ឆ្នាំ​ ហាក់​មិនទាន់ហ៊ាន​ព្យាករពីលទ្ធផល​ទេ ព្រោះ​គេ​រាង​ញញើត ឌុម កែវដា នេះ​តែ​ម្តង។ បេនលឿន បាន​និយាយ​ថា​៖​«ខ្ញុំ​ធានា​វ៉ៃ​ អស់​ពី​សមត្ថភាព ​ដើម្បី​ឈ្នះ​ប្រាក់​នេះ​ ប៉ុន្តែ​មិន​ហ៊ាន​និយាយ​មុន​ទេ ​ព្រោះការជួប ​ឌុម ​កែវ​ដា ​កន្លង​មក គឺ​ការ​ឈ្នះ ចាញ់​គ្នា មាន​លក្ខណៈ​​តឹង​តែង​បំផុត»​៕