បរទេស៖ លោក Carlo Ancelotti បាន​បញ្ជាក់​ថា ការ​ជឿជាក់​របស់​លោក​ដែលថា ក្រុម Everton នឹង​ប្រជែង​ដណ្តើម​យក​ចំណាត់​ថ្នាក់​កំពូល​ទាំង​៦​នៃក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ មាន​ភាព​ស៊ី​សង្វាក់គ្នា ក្រោយ​ពីការ​តែត​បាល់​បញ្ចូល​ទី​របស់​កីឡាករ Dominic Calvert-Lewin បាន​ជួយ​ឲ្យ​ពួកគេ​ដណ្តើម​បាន​​ជ័យ​ជម្នះ​លើក្រុម Spurs ជាលើក​ដំបូង បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១២ តាមរយៈការយកឈ្នះ ១-០ កាលពីថ្ងៃ​អាទិត្យ​។

លោក Ancelotti ​បាន​​នាំ​យកកីឡាករ​ថ្មី​ៗ​ជាច្រើន​ដូច​ជា James Rodriguez, Abdoulaye Doucoure និង Allan ហើយ​ក្រុម​ទូកក្តោង​មួយ​នេះ ហាក់​មាន​កម្រិត​លេង​រឹង​មាំ​ជាង​ បើ​ធៀប​ទៅនឹងក្រុម​ដែល​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១២ នៅ​លើ​តារាង​កាលពី​រដូវ​កាល​មុន ខណៈ​ដែលពួកគេ​បាន​​ទទួល​ជ័យ​ជម្នះ​យ៉ាង​ស័ក្តិ​សម​នាកីឡដ្ឋាន Tottenham Hotspur។ លោក Ancelotti បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​បង្ហាញ​ថា យើង​អាចប្រកួត​ប្រជែង​​បាន ដែល​ជា​សារ​ដ៏សំខាន់​បំផុត​។ យើង​អាច​ប្រកួត​បាន​ ប្រសិន​​បើ​ស្មារតីស្ថិត​ក្នុងកម្រិតល្អ ប្រសិន​បើ​ឥរិយា​បថ​ មានភាពល្អ​»​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​និយាយ​នៅមុន​ពេល​ការ​ប្រកួត​ថា គោល​ដៅ​របស់​យើង​គឺ​​ការ​ប្រជែង​ដណ្តើម​យក​កៅអី​ទៅកាន់​ក្រ​ខ័ណ្ឌ​អឺ​រ៉ុប​។ ការ​ប្រកួត​ទី​១ ពិត​ជាផ្តល់​លទ្ធផលល្អ យើង​ត្រូវ​តែ​រង់​ចាំមើល​ការ​ប្រកួត​ទី​២ និង​ការ​ប្រកួត​ទី​៣ ហេតុនេះ យើង​ត្រូវ​តែ​រង់​ចាំ​បន្តិច ប៉ុន្តែ ខ្ញុំ​មានការជឿជាក់​ជាច្រើន​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia