បរទេស៖ លោក Frank Lampard បាន​ទទួល​ស្គាល់​ថា Chelsea នឹង​ត្រូវ​​ការ​ពេល​ជាច្រើន​ទៀត​ដើម្បី​កាត់​​បន្ថយ​គម្លាតតាម​ពីក្រោយ​ក្រុម Liverpool នៅលើ​​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League ក្រោយពី​ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក​មួយ​នេះ បាន​​ផ្តួល​ក្រុម​តោ​ខៀវ​ ក្នុងលទ្ធ​ផល ២-០ កាលពីថ្ងៃ​អាទិត្យ​។

ខ្សែ​ប្រយុទ្ធ Sadio Mane បាន​រក​គ្រាប់​បាល់​ទាំង​២​គ្រាប់​សម្រាប់​ក្រុមរ​បស់​លោក Jurgen Klopp ខណៈដែល​រូប​គេ​ក៏​បាន​បង្កើត​ឲ្យ​មាន​កាត​ក្រហម​ដល់​ខ្សែ​ការពារ Andreas Christensen នៅ​ចុង​តង់​ទី​១​ផង​ដែរ នៅមុន​ពេល​ស៊ុត​បាល់​​បញ្ចូល​ទី​២​គ្រាប់​នៅ​ចន្លោះ​ពេល​៤​នាទី​នៅ​ដើម​តង់​ទី​២​។ ក្លិប Chelsea បាន​ចំណាយ​ប្រាក់​២០០​លាន​ផោន (ស្មើ​នឹង​២៦០លាន​ដុល្លារ​អាមេរិក)​ ទៅ​លើ​ការ​ទិញចូល​កីឡាករ​ថ្មី ដើម្បី​​​កាត់​បន្ថយ​​គម្លាត​ចំនួន​៣៣​ពិន្ទុ​រវាងក្រុម​ទាំង​​២ កាលពី​រដូវ​កាល​មុន ប៉ុន្តែ ការ​សម្រេច​ចិត្ត​ក្នុង​ការ​បណ្តាក់​ទុន​ទៅលើ​តំបន់​ប្រយុទ្ធ ដោយ​​មិនសូវ​ផ្តោតលើ​តំបន់​ការ​ពារ បាន​ផ្តល់​ការ​ខក​ចិត្ត​មួយ​ផ្សេង​ទៀត ជាពិសេស​​ការធ្វេស​ប្រហែស​របស់​អ្នក​​ចាំ​ទី Kepa Arrizabalaga។

លោក Lampard ដែល​មិន​អាច​​ទិញ​ចូល​កីឡាករ​ថ្មី​កាល​ពី​ឆ្នាំ​មុន ដោយ​សារ​តែ​ការ​ជាប់​បម្រាម​នោះ បាន​ឲ្យ​ដឹង​ថា៖ «គ្រប់ក្រុម​ទាំង​អស់ដែល​ទទួល​បាន​​ជោគ​ជ័យ ត្រូវ​ការ​ពេល ត្រូវ​ការ​ការ​វិវឌ្ឍ ហើយ​ដំណើរ​ការ​របស់​យើង​ចាប់​ផ្តើម​នៅ​ទីនេះ​។ មិនមែន​ពី​ឆ្នាំ​មុន​ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia