បរទេស៖ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង Kylian Mbappe បាន​​បង្កើត​ការ​ភ្ញាក់​ផ្អើល​​នៅ​ថ្ងៃ​​នៃការ​វិល​ចូល​លេង​វិញ​រ​បស់​គេ តាម​រយៈ​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់ ខណៈ​ដែល​ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក Paris St Germain បាន​រក​ឃើញ​ទម្រង់​លេង​យ៉ាងល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ ដើម្បី​កត់ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៣-០ នៅ​លើ​ទឹកដីក្រុម Nice ក្នុង​ការ​ប្រកួតក្រ​ប​ខ័ណ្ឌ Ligue 1 កាល​ពីថ្ងៃ​អាទិត្យ​។

Mbappe ដែល​អវត្ត​មាន​ក្នុង​ការ​ប្រកួត​ឆាក់​៣​លើក​ ក្រោយពី​បាន​ឆ្ល​វីរុស​កូរ៉ូ​ណា​នោះ បាន​ជួយ​ឲ្យ​ក្រុម PSG មាន​គ្រាប់​បាល់​នាំ​មុខ​មុន​នៅនាទី ទី​៣៨ ដោយ​ការ​ស៊ុត​បាល់​​ប៉េ​ណាល់​ទី ហើយ​ក៏​បាន​ជួយ​ឲ្យ Angel Di Maria រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ផ​ង​ដែរ នៅមុន​ពេល Marquinhos បាន​រក​គ្រាប់​បាល់​ទី​៣ នៅ​តង់​ទី​២​។ Mbappe បាន​ប្រាប់​ទូរ​ទស្សន៍ Canal Plus ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​​ដែល​បាន​ពាក់​អាវ​លេង​វិញ ពីព្រោះ​នៅ​ទីនេះ ក្នុង​​ទីក្រុង​ប៉ារីស នៅពេល​ដែល​អ្នក​ខក​ខាន​១​​ប្រកួត វាហាក់ដូច​ជា​ខក​ខាន​លេង​១០​ប្រកួត​អ៊ី​ចឹង​»​។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​ចំណាយ​ពេល​២ ទៅ​៣​ថ្ងៃ​ចុងក្រោយ ដោយ​ការ​អង្គុយមើល​ទូរ​ទស្សន៍ ហើយ​ខ្ញុំ​ពិត​ជា​ចង់​វិល​ចូល​លេង​វិញ​។

នេះ​គឺ​ជា​រឿង​ដ៏ល្អ​​ក្នុង​ការ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ប៉ុន្តែ យើង​នៅ​តែ​កំពុង​ឆ្លង​ដំណាក់​កាល​ដ៏​ស្មុគ​ស្មាញ ហើយ​វា​មិន​ងាយ​ស្រួលឡើយ​។ នេះ​គឺ​ជា​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​កក់​ក្តៅ ហើយ​ការ​វិល​ទៅកាន់​ផ្លូវ​នៃ​ជ័យ​ជម្នះ​វិញ គឺ​ជា​រឿង​ដ៏​ល្អ​ឥត​ខ្ចោះ​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia