បរទេស៖ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី ខណៈដែលក្រុម Juventus បានអបអរថ្ងៃប្រកួតដំបូងរបស់លោក Andrea Pirlo ក្នុងនាមជាគ្រូបង្វឹក តាមរយៈការដណ្តើមបានជ័យជម្នះ ៣-០ លើក្រុម Sampdoria ក្នុងការប្រកួតក្របខ័ណ្ឌ Serie A កាលពីថ្ងៃអាទិត្យ។
កីឡាករ Dejan Kulusevski ដែលបានផ្ទេរមកពីក្លិប Atalanta បានរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតលើកដំបូងរបស់គេ នៅនាទី ទី១៣សម្រាប់ក្រុម Juventus នៅមុនពេលខ្សែការពារ Leonardo Bonucci និងខ្សែប្រយុទ្ធ Cristiano Ronaldo បានបន្ថែមគ្រាប់បាល់២គ្រាប់ផ្សេងទៀតនៅរយៈពេល១៥នាទីចុងក្រោយ។ លោក Pirlo អតីតខ្សែបម្រើដ៏ឆ្នើមរបស់ក្លិប Inter Milan និង Juventus មិនមានបទពិសោធដឹកនាំក្រុមឈុតធំ ពីមុនមកឡើយ ខណៈដែលលោកបានចូលជំនួសកន្លែងរបស់លោក Maurizio Sarri ដ៏គួរឲ្យភ្ជាក់ផ្អើល កាលពីខែសីហា និងទើបតែសញ្ញាបត្រគ្រូបង្វឹករបស់លោក កាលពីសប្តាហ៍មុនប៉ុណ្ណោះ។ ការប្រកួតជាលើកទី១របស់លោកបានតម្រូវទៅលើការជួបជាមួយនឹងក្រុមមួយដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដ៏មានបទពិសោធបំផុតក្នុងក្របខ័ណ្ឌ Serie A គឺលោក Claudio Ranieri វ័យ៦៨ឆ្នាំ។
មិនខុសអ្វីពីការប្រកួត Serie A ផ្សេងទៀតកាលពីថ្ងៃអាទិត្យឡើយ ខណៈដែលអ្នកគាំទ្របានចូលរួមទស្សនាការប្រកួតនេះ ក្រោយពីរដ្ឋាភិបាលអ៊ីតាលីអនុញ្ញាតឲ្យអ្នកគាំទ្រដល់ទៅ១០០០នាក់ ចូលទស្សនាការប្រកួតដោយផ្ទាល់ជាលើកដំបូង បើគិតចាប់តាំងពីខែមីនា៕
ប្រភពព័ត៌មាន៖ BBC
 
                

