បរទេស៖ ខ្សែ​ប្រយុទ្ធ Lautaro Martinez បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ខណៈ​ដែលក្រុម Inter Milan ផ្តួល​ក្រុម​ជា​គូ​ប្រជែង​ក្នុង​ទីក្រុង​តែ​មួយ AC Milan ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃ​អង្គារ ដើម្បី​ឈាន​ទៅ​ប្រកួត​ដណ្តើម​ពាន Italian Cup វគ្គផ្តាច់​ព្រ័ត្រ ដោយ​ពួក​គេ​នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Juventus ឬ Fiorentina​។

ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​២ មាន​ភាព​​ស្វិត​ស្វាញ​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត ប៉ុន្តែ ទី​បំផុត Inter ដណ្តើម​បាន​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​​ក្នុងការ​ប្រកួត​​ទាំង​២​ជើង ក្រោយពី​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ០-០ ក្នុង​ការ​ប្រកួត​ជើង​ទី​១​។ ក្រុម​របស់​លោក Simone Inzaghi នឹង​ឈាន​ទៅ​ប៉ះ​ជាមួយនឹងក្រុម​ឈ្នះ​ពីការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​មួយ​គូ​ទៀតនៅ​ថ្ងៃ​ពុធ​នេះ ដោយ​ក្រុម Juventus កំពុង​តែ​នាំមុខ ១-០ ក្រោយពីការ​ប្រកួត​ជើង​ទី​១ នា​កីឡដ្ឋាន Stadio Olimpico នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា​។

AC Milan នៅ​តែ​មិន​ទាន់​ស្គាល់​ការ​ឈ្នះពាន​សោះ បើ​គិត​ចាប់​តាំងពី​​បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Serie A ឆ្នាំ​២០១១ ប៉ុន្តែ នៅ​មិន​ទាន់​បាត់​បង់​​ឱកាស​ក្នុងការ​ដណ្តើម​ពានក្រប​ខ័ណ្ឌលីក​ដែលមាន​ឈ្មោះ​ថា Scudetto មួយ​នេះ នៅ​រដូវ​កាល​នេះ​។ ក្រុម AC Milan របស់​លោក Stefano Pioli កំពុង​នាំមុខ​​លើ​ក្រុម Inter ចំនួន​២ពិន្ទុ​លើ​​តារាង បើ​ទោះ​បីក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​មួយនេះ នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ក៏ដោយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia