បរទេស៖ ក្រុម AC Milan នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម Atalanta នាកីឡដ្ឋាន San Siro នៅ​ថ្ងៃ​អាទិត្យ ដោយ​​ដឹង​ថា ​នេះ​អាច​នឹងក្លាយជា​ចុងសប្តាហ៍​ដែល​ពួក​គេដណ្តើម​ពាន Scudetto ពី​គូ​ប្រជែង​ក្នុង​ទីក្រុង​តែមួយ Inter Milan​។

ដោយ​ត្រូវ​ការ​៤ពិន្ទុ​ពី​ការ​ប្រកួត​២លើក​ចុងក្រោយ​របស់​ខ្លួន​នៅ​រដូវ​កាល​នេះ ក្រុម AC Milan កំពុង​​តែ​ស្ថិត​លើផ្លូវ​ឆ្ពោះ​ទៅកាន់​​ការ​ឈ្នះពាន​ក្រប​ខ័ណ្ឌ Serie A ជាលើក​ទី​១ បើ​គិត​ចាប់​តាំងពី​ឆ្នាំ​២០១១ ហើយពួក​គេ​អាច​​នឹង​មាន​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុមទាំង​៦​ដែល​​កំពុង​ប្រជែង​​គេច​ឲ្យ​ផុតពី​តំបន់​កាត់ចោល ជួយ​ឲ្យពួក​គេ​លើក​ពានលីគ​នេះ​។ ក្រុម AC Milan របស់​លោក Stefano Pioli នឹង​បន្ថែម​ការ​នាំមុខ​របស់ខ្លួន​លើ​ក្រុម​ម្ចាស់​ការ​ពារ​ជង​ឯក Inter រហូត​ដល់​៥ពិន្ទុ ប្រសិន​បើ​ពួក​គេ​ផ្តួល​ក្រុម Atalanta ដែលកំពុង​ស្ថិតក្នុង​ការ​ប្រជែង​ដណ្តើម​ពានក្រប​ខ័ណ្ឌ Europa League​។

បន្ទាប់​មក Inter នឹង​ត្រូវ​តែយកឈ្នះ​លើ​ក្រុម Cagliari ដើម្បី​ធានា​ថា ​ការ​ប្រជែង​ដណ្តើម​ពាន​នឹង​ឈាន​ដល់​សប្តាហ៍​ចុងក្រោយ ដែលគួរ​តែ​ជា​រឿង​ថាយ​សម្រួល​សម្រាប់​ក្រុមជើង​ខ្លាំង​មួយ​នេះ បើធៀប​ទៅ​នឹង​សមត្ថភាព​​រវាង​ក្រុម​ទាំង​២​​។ ក្រុម Inter របស់​លោក Simone Inzaghi ទើប​តែ​​បាន​ឈ្នះ​ពាន Italian Cup ក្រោយ​ពី​បានយកឈ្នះ​លើ​ក្រុម Juventus នៅ​​នាទី​បន្ថែម​១៥នាទី​​២ដង កាលពីថ្ងៃ​ពុធ ហើយពួ​ក​គេ​កំពុង​តែ​សង្ឃឹម​ថា ​អាច​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​​លទ្ធផល​ដ៏គួរ​ឲ្យ​ជឿជាក់​នេះ ក្នុង​ដំណាក់​កាល​ចុងក្រោយ​​នៃ​រដូវកាល​នេះ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Aia