បរទេស៖ ក្រុម Manchester City បាន​គេច​ផុត​ពីការ​ភិត​ភ័យ ដើម្បី​ចាប់​ផ្តើម​ការ​​ប្រជែង​ដណ្តើម​ពាន​ក្រប​ខ័ណ្ឌ Premier League របស់​ពួកគេ ជាមួយនឹង​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៣-១ លើក្រុម Wolves ខណៈ​ដែល Phil Foden បាន​ជួប​ពេល​វេលា​ដ៏​រីក​រាយ​កាល​ពី​ថ្ងៃ​ចន្ទ​។

ការ​ពន្យារ​ពេល​​ការ​ប្រកួត​បើក​រដូវ​កាល​របស់​ក្រុម Man City ដោយ​សារ​តែ​​ការ​មមាញឹក​របស់​ពួក​គេ​ក្នុងក្រប​ខ័ណ្ឌ Champions League កាលពី​រដូវ​កាល​មុន បាន​អនុ​ញ្ញាត​ឲ្យ​ក្រុម Liverpool នាំមុខ​៦ពិន្ទុ​លើ​ពួកគេ នៅមុន​ពេល​ពួកគេ​បាន​ចាប់ផ្តើម​ធ្វើការ​ប្រកួត​បើកឆាក​។ ក្រុម​របស់​លោក Pep Guardiola មិន​អាច​ធ្វើ​ឲ្យ​មាន​ការ​ភ្លាត់​ស្នៀត​នៅ​កីឡដ្ឋាន Molineux ប្រសិន​បើ​ពួកគេ​ចង់​រក្សា​ល្បឿន​តាម​​ពីក្រុម​​​ម្ចាស់​ការ​ពារ​ជើង​ឯក ហើយពួកគេ​បាន​រក​គ្រាប់​បាល់​នាំមុខ​២គ្រាប់​ភ្លាម​ៗ តាមរយៈ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​របស់ Kevin De Bruyne និង​គ្រាប់​បាល់​របស់​ខ្សែ​បម្រើ Foden​។

ក្រុម Man City បាន​​បាត់​បង់​ទម្រង់​លេង​យ៉ាងល្អ​របស់​ខ្លួន​នៅ​​ដើម​តង់​ទី​២ ខណៈ​ដែល Wolves បាន​គ្រប់គ្រង​ស្ថាន​ភាព​យ៉ាងល្អ​ ហើយ​ក្រុម​ម្ចាស់​ផ្ទះ​បាន​វាយ​បក​១​គ្រាប់​វិញ​តាម​រយៈ​កីឡាករ Raul Jimenez មុននឹង​ខ្សែ​ប្រយុទ្ធ Gabriel Jesus បាន​បំពេញ​ការ​ដណ្តើម​បាន​៣ពិន្ទុ​ពេញ​សម្រាប់​ក្រុម Man City នៅ​ជិត​បញ្ចប់​ការ​ប្រកួត​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia