បរទេស៖ តារាឆ្នើម​ជើង​ចាស់​ Zlatan Ibrahimovic របស់​ក្លិប AC Milan បាន​តេស្ត​ឃើញ​ជា​វិជ្ជ​មាន​​ទៅ​លើ​វីរុស​កូរ៉ូ​ណា កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែ បាន​​ឆ្លើយ​តបថា៖ «កូវីដ មាន​សេចក្តី​ក្លា​ហាន​ក្នុងការប្រជែង​ជាមួយនឹង​ខ្ញុំ​​។ ពិត​ជា​គំនិត​អាក្រក់មែន​»​។

Ibrahimovic ដែលនឹង​ឈាន​ចូល​វ័យ​៣៩​ឆ្នាំ​ក្នុង​រយៈពេល​១​សប្តាហ៍​ទៀត បាន​ឲ្យ​ដឹង​នៅលើ​ទំព័រ Twitter ថា៖ «ខ្ញុំ​បាន​តេស្តឃើញ​​អវិជ្ជ​មាន​ទៅលើ​វីរុស​កូវីដ កាល​ពីថ្ងៃ​ម្សិល​មិញ ហើយ​ឃើញ​វិជ្ជ​មាន​នៅ​ថ្ងៃ​នេះ​​។ ប៉ុន្តែ ខ្ញុំ​មិន​បញ្ចេញ​រោគ​សញ្ញា​អ្វី​ឡើយ​។ កូវីដ ពិត​ជា​មាន​សេចក្តី​ក្លា​ហាន​ក្នុងការ​ប្រជែង​ជា​មួយនឹង​ខ្ញុំ​គិត​មែន​។ ពិត​ជា​គំនិត​អាក្រក់​ណាស់»​។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយ​អែត​រូនេះ បច្ចុប្បន្ន​កំពុង​តែ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ដោយ​ខ្លួន​ឯង និង​បានអវត្ត​មាន​ក្នុង​ការ​ប្រកួត​ជម្រុះ Europa League ជុំ​ទី​៣ ក្នុង​ពេល​ជួបក្រុម​ន័រ​វែស Bodo-Glimt ក្នុង​ទីក្រុង San Siro កាល​ពីថ្ងៃព្រហស្បតិ៍​។ ការ​តេស្ត​ឃើញ​ជា​វិជ្ជ​​មាន​នេះ​នឹង​​លទ្ធផល​ដ៏ខក​ចិត្ត​សម្រាប់ Ibrahimovic ដែល​កំពុង​តែ​ស្ថិតក្នុង​ទម្រង់លេង​យ៉ាងល្អ បើ​ទោះ​បី​មាន​វ័យ​ជ្រេ​ក៏ដោយ​។

រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុង​ការ​ប្រកួត​បើកឆាក​ក្នុង Serie A របស់​ក្រុម AC Milan នៅ​ពេល​ប្រកួត​ជាមួយនឹងក្រុម Bologna កាលពីថ្ងៃ​ចន្ទ ក្រោយពីក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ផង​ដែរ ពេល​ប៉ះក្រុម​អៀរ​ឡង់ Shamrock Rovers ក្នុង Europa League​។ លោក Paolo Maldini ប្រធាន​ផ្នែក​បច្ចេក​ទេស​របស់ក្លិប AC Milan បាន​ឲ្យដឹងថា៖ «នេះ​គឺ​ជា​ការ​អវត្ត​មាន​ដ៏​ខក​ចិត្ត​ និង​ឥត​រំពឹ​ទុក​មួយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia