បរទេស៖ ទោះបីប្តូរចូលនៅនាទីទី៧០ក្នុងនាមកីឡាករបម្រុងប៉ុន្តែអតីតខ្សែប្រយុទ្ធ Barcelona កីឡាករ Luis Suarez បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់និងចែកបាល់អោយមិត្តរួមក្រុម (Assist) ស៊ុតបញ្ចូលទី ១ គ្រាប់ទៀតក្នុងការបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Atletico Madrid បើកទ្វារកីឡាដ្ឋាន Wanda Metropolitano ដោយលត់ក្រុមភ្ញៀវ Granada ក្នុងលទ្ធផល៦ទល់និង១។
![]()
ក្រុមរបស់គ្រូបង្វឹកលោក Diego Simeone រកបានគ្រាប់បាល់៣គ្រាប់នាំមុខដោយកីឡាករ Diego Costa, Angel Correa និង Joao Felix មុនពេល Llorente រកបានគ្រាប់បាល់ទី៤ដោយការបញ្ជូន បាល់របស់ Suarez ខណៈដែលរូបគេផ្ទាល់បានបន្ថែម២គ្រាប់ទៀតនោះ។

ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយវ័យ ៣៣ ឆ្នាំរូបនេះបានសម្រេចចាកចេញពីទឹកដី Camp Nou និងចុះកិច្ចសន្យារយៈពេល២ ឆ្នាំកាលពីថ្ងៃសុក្រសប្តាហ៏មុន។ Suarez គឺខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេទី ៣ ក្នុងប្រវត្តសាស្រ្តរបស់ក្រុមគឺ ១៩៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២៨៣ លើកក្នុងរយៈពេល ៦ ឆ្នាំកន្លងទៅ៕
ប្រភពព័ត៍មាន៖ BBC
