បរទេស៖ លោក Jurgen Klopp បាននិយាយ​កាលពីថ្ងៃ​ចន្ទ​ថា លោក​ពិត​ជា​មាន​ការ​រំភើប​ចិត្ត​ចំពោះ​កម្រិត​ស្តង់​ដារ​ដេលក្រុម Liverpool មាន នៅ​ដើម​រដូវកាលនៃក្រ​ខ័ណ្ឌ Premier League ក្រោយពី​បាន​វាយ​បក​​ដេញ​តាមពីក្រោយ​ដើម្បីផ្តួលក្រុម Arsenal ក្នុងលទ្ធ​ផល ៣-១ នា​កីឡដ្ឋាន Anfield​។

គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​ពីសំណាក់​កីឡាករ Sadio Mane, Andy Robertson និង Diogo Jota បាន​ជួយ​ឲ្យ​​ក្រុម​ម្ចាស់​ផ្ទះ​ផ្តួលក្រុម​កាំភ្លើង​ធំ ដែល​បាន​ទទួល​ជ័យ​ជម្នះ​ក្នុងការ​ប្រកួត​បើកឆាក​ទាំ​២​ប្រកួត​​របស់​ខ្លួននៅ​រដូវ​កាល​នេះ។ ស្រប​ពេល​ដែលក្រុម Manchester City, Chelsea, Manchester United, Tottenham និងក្រុម Arsenal សុទ្ធ​សឹង​បាន​​ភ្លក្ស​រស​ជាតិនៃ​ការ​រ​បរា​ជ័យ​នៅ​ត្រឹម​សប្តាហ៍​ទី​៣ នៃយុទ្ធនាការ​ថ្មី​នេះ ក្រុម Liverpool រក​បាន​៩ពិន្ទុ​ពេញ ដើម្បី​បង្ហាញ​ថា ពួកគេ​នៅ​តែ​ជាក្រុម​​ដ៏ខ្លាំង​នៅក្នុង Premier League នារ​ដូវ​កាល​នេះ​​។

លោក​គ្រូបង្វឹក Klopp បាន​ឲ្យ​ដឹង​ថា៖ «វា​ពិត​ជា​នៅ​ដើម​រដូវ​​កាល​នៅ​ឡើយ​ទេ ហើយ​ជា​មួយនឹង​ទម្រង់លេង​នេះ ពិត​ជា​អស្ចារ្យ​ណាស់​។ តាំ​ង​ពី​វិនាទី​ដំបូង យើង​បាន​គ្រប់​គ្រង​លើ​ក្រុម​ដែលមាន​ទម្រង់លេង​ល្អ​។ យើង​ត្រូវ​តែ​​ប្រុង​ប្រយ័ត្ន​ខ្លាំង​ទៅលើ​ការ​វាយ​បក​រហ័ស​មក​វិញ​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia