បរទេស៖ មនុស្សចំនួន ១០ នាក់បានរកឃើញមានមេរោគកូវីត-១៩ ក្នុងការធ្វើតេស្តិ៍ចុងក្រោយ បំផុតដែលធ្វើឡើងនៅក្របខ័ណ្ឌ Premier League អង់គ្លេស ដែលជាចំនួនខ្ពស់បំផុតនៃការរកឃើញ លទ្ធផលវិជ្ជមានចាប់តាំងពីរដូវកាលថ្មី២០២០-២០២១ចាប់ផ្តើម។

កីឡាករនិងបុគ្គលិកក្លឹបសរុបចំនួន ១៥៩៥ នាក់ក្នុងចំណោមក្លឹបទាំង២០ បានធ្វើតេស្ត៏សាកល្បងរកមើលមេរោគរលាកផ្លូវដង្ហើមប្រភេទថ្មីចាប់ពីចន្លោះពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែកញ្ញាកន្លងទៅ។ទោះយ៉ាងណាអ្នកដែលបានធ្វើតេស្ត៍វិជ្ជមាន នោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណ នឹងត្រូវបានដាក់អោយនៅដាច់ដោយឡែកពីគ្នារយៈពេល ១០ ថ្ងៃ។ កាលពីសប្តាហ៍មុន អ្នកចាត់ការទូទៅក្រុមញញួរធំ West Ham លោក David Moyes និងកីឡាករ Issa Diop ព្រមទាំង Josh Cullen មកដល់ពេលបច្ចុប្បន្ននេះកំពុងតែត្រូវដាក់អោយនៅដាច់ដោយឡែកពីក្រុមរបស់ខ្លួនក្រោយរកឃើញមេររោគកូវីត-១៩ ។

គួរកត់សម្គាល់ថារដូវកាលថ្មី បានចាប់ផ្តើមកាលពីថ្ងៃទី ១២ ខែកញ្ញាក្រោយពីក្របខណ្ឌ Premier League បានចាប់ផ្តើមដំណើរការវិញក្រោយពន្យាពេលជាង៣ខែគិតចាប់តាំងពីខែមិនាកន្លងទៅ៕
ប្រភពព័ត៍មាន៖ BBC
 
                