បរទេស៖ លោក Jose Mourinho ជឿជាក់ថា កីឡាករជាច្រើនកំពុងតែបង្ខំឲ្យស្ថិតក្នុងគ្រោះថ្នាក់ ដោយអាជ្ញាធរកីឡាបាល់ ទាត់ ក្រោយពីក្រុម Tottenham បានផ្តួលក្រុម Chelsea ដោយការស៊ុតបាល់ប៉េណាលទី ក្នុងលទ្ធផល ៥-៤ ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃពាន League Cup ក្រោយពីបញ្ចប់ក្នុលទ្ធផលស្មើ ១-១។
ក្រុមរបស់លោក Mourinho បានលេងការប្រកួតទី២របស់ខ្លួនក្នុងចំណោមការប្រកួត៤លើកនៅត្រឹមចន្លោះពេលត្រឹមតែ៨ថ្ងៃ នៅក្នុងយុទ្ធនាការ៣ផ្សេងៗគ្នា។ Eric Dier គឺជាកីឡាករតែម្នាក់ដែលនៅតែមានវត្តមាននៅក្នុងក្រុមរបស់ Tottenham ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុម Newcastle ហើយខ្សែការពារអន្តរជាតិអង់គ្លេសរូបនេះ គួរតែមានការប្តូរចេញ ដើម្បីសម្រាកឲ្យបានល្អនៅក្នុងតង់ទី២។
ស្របពេលដែលលើកឡើងថា បញ្ហាខ្សោះជាតិទឹកក្នុងខ្លួន បាននាំឲ្យកីឡាកររូបនេះមានបញ្ហានោះ លោក Mourinho បានឲ្យដឹងថា៖ «ចំនួននាទីដែលត្រូវបានលេង ពិតជាគ្រោះថ្នាក់។ អ្វីដែលខ្ញុំបានធ្វើនៅថ្ងៃនេះជាមួយនឹង Dier គឺពិតជាគ្រោះថ្នាក់។ វាគួរតែមានការហាមឃាត់មិនឲ្យលេង២ប្រកួតក្នុងរយៈពេល៤៨ម៉ោង។ អ្វីដែល Dier បានធ្វើ មិនមែនជាមនុស្សឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia