បរទេស៖​ បើ​យោង​ទៅ​តាម​ការ​​ចេញផ្សាយ​នៅលើ​គេហ​ទំ​ព័រ​​នា​យកដ្ឋាន​ពន្ធដារ​របស់​​អេ​ស្ប៉ាញ ខ្សែ​ប្រយុទ្ធ Neymar របស់​ក្លិប Paris Saint-Germain ជំពាក់ថ្លៃ​ពន្ធ​ដារ​​ដែលមិន​ទាន់​បាន​បង់​ច្រើន​ជាង​បុគ្គល​​ណា​ៗ​ទាំង​​អស់​នៅក្នុង​បញ្ជី​ខ្មៅ​របស់​អាជ្ញា​ធ​ពន្ធដារ​អេ​ស្ប៉ាញ ក្រោយ​ពី​បាន​ជំពាក់​ក្នុង​ទឹកប្រាក់​៣៤,៦​លាន​ផោន (ស្មើនឹង​៤០,៥​លាន​ដុល្លារ​អាមេរិក)​។

តា​​រាឆ្នើម​អន្តរ​ជាតិ​​ប្រេស៊ីលរូបនេះ ដែលបាន​​លេង​ឲ្យ​ក្លិប Barcelona ចាប់​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ នៅមុន​ពេល​ផ្ទេរ​ទៅកាន់​ក្លិប​យក្ស​​របស់​បារាំង​ក្នុងតម្លៃ​ខ្លួន​២២២លានអឺ​រ៉ូ ក្នុង​ការ​ផ្ទេរ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុតក្នុង​ប្រវត្តិ​សាស្ត្រ​នោះ ឈរ​លេខ​រៀង​នាំមុខ​គេ​​ក្នុង​ចំណោម​ឈ្មោះ​​អ្នក​​ជំ​ពាក់​ពន្ធរាប់​ពាន់នាក់​នៅ​លើ​គេហ​ទំ​ព័រ​របស់​នាយកដ្ឋាន​ពន្ធ​ដារ​អេ​ស្ប៉ាញ​។

បណ្តាញ​សារ​ព័ត៌​មាន​អេ​ស្ប៉ាញ បាន​ចេញផ្សាយ​កាលពីឆ្នាំមុន​ថា អាជ្ញា​ធរ​ពន្ធដារ​របស់​ប្រទេស​នេះ បាន​ប្តឹង Neymar ពី​បទការ​បន្លំ​ការ​បង់​ពន្ធ ចាប់​តាំងពី​រូប​គេ​ចូល​​លេង​ឲ្យ​ក្លិប Barcelona ប៉ុន្តែ នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​ព័ត៌​មាន​នេះ​ត្រូវ​បាន​បញ្ចេញ​ផ្សាយ​ជាផ្លូវ​ការ​។ នា​យក​ដ្ឋាន​ពន្ធ​ដារ​អេ​ស្ប៉ាញ មិន​បាន​បញ្ជាក់​ថា វត្ត​មាន​បស់ Neymar នៅក្នុង​បញ្ជី​របស់​ខ្លួន បាន​ជាប់​ទាក់ទង​នឹង​ការ​ផ្ទេរ​របស់​គេ​កាល​ពីឆ្នាំ​២០១៣ទៅកាន់​ក្លិប Barcelona ពីក្លិប​ពីប្រទេស​ប្រេស៊ីល Santos ឡើយ​៕

 

ប្រភព​ព័ត៌​មាន៖ AFP