បរទេស៖ ភ្នាក់ងារកីឡាករ Donny van de Beek បានរិះគន់ក្រុមបិសាចក្រហម Manchester United ដែលមិនបានដាក់រូបគេអោយលេងបានពេញលេញពោលគឺក្នុងនាមកីឡាករបម្រុងសម្រាប់ការប្រកួត ៣លើកដំបូងដែលរូបគេបង្ហាញខ្លួន។
ខ្សែបម្រើហូឡង់ Van de Beek បានផ្ទេរពី Ajax មកទឹកដី Old Trafford កាលពីដើមខែនេះក្នុងតម្លៃខ្លួន ៣៥ លានផោន បូករួមនឹងប្រាក់បន្ថែម ៤ លានផោនផ្សេងទៀត។ ទោះយ៉ាងណាកីឡាករវ័យ ២៣ ឆ្នាំរូបនេះមានឪកាសចូលលេងក្នុងការប្រកួតពានរង្វាន់ Carabao Cup ជាមួយក្លឹប Luton Town និង ចូលលេងការប្រកួតក្របខណ្ដ Premier League ២ប្រកួតចុងក្រោយក្នុងនាមកីឡាករបម្រុង ។
Sjaak Swart ដែលជាភ្នាក់ងារ Van De Beek បានប្រាប់គេហទំព័រហូឡង់ Voetbal Primeur យ៉ាងដូច្នេះថាៈ ឃើញ De Beek លេងជាកីឡាករបម្រុងខ្ញុំមិនចូលចិត្តទាល់តែសោះ ។បើត្រឹមតែប្តូរចូលលេង ៤នាទី ទោះបី ខ្ញុំមិនមែនជាគាត់តែខ្ញុំយល់ថាអ្នកគួរតែទុកពេលសម្រាប់កីឡាករដូចជាគាត់ (De Beek) អង្គុយលេងរហូតដល់បញ្ចប់ការប្រកួតវាល្អជាងដាក់អោយគាត់ចូលលេងបែបនេះ ។ ខ្ញុំឃើញថា៣ប្រកួតចុងក្រោយគាត់ធ្វើបានល្អ ហើយមាន១ប្រកួតគ្រាប់បាល់ពិន័យនាំជ័យជំនះគឺកើតមានឡើងពីរូបគាត់៕
ប្រភពព័ត៍មាន៖ Goal