បរទេស៖ លោក Jurgen Klopp បាន​ទទួលស្គាល់​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​រង​បរា​ជ័យ​ដ៏មិននឹកស្មាន​ដល់​​របស់​ក្រុម Liverpool ក្នុងលទ្ធ​ផល ៧-២ ក្រោម​ស្នា​ដៃក្រុម Aston Villa កាលពីថ្ងៃ​អាទិត្យ​។ ខ្សែ​ប្រយុទ្ធ Ollie Watkins បាន​ស៊ុត​បាល់ប​ញ្ចូល​ទី​៣​គ្រាប់​នៅ​ត្រឹម​តង់​ទី​១ ខណៈ​ដែលក្រុម​ហង្ស​ក្រហម បាន​ក្លាយ​ជា​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​ដំបូង​គេ​ដែល​របូត​គ្រាប់បាល់​ចំនួន​៧​គ្រាប់ នៅក្នុង​ការ​ប្រកួតក្រ​ប​ខ័ណ្ឌ​លីក បើ​គិត​ចាប់​តាំងពីឆ្នាំ​១៩៥៣​។ លោក Klopp បាន​ឲ្យ​ដឹង​ថា៖ «នេះ​គឺ​ជា​លទ្ធ​ផល​ដែល​ឥត​រំពឹង​ទុក​ តែ​វា​បាន​កើត​ឡើង​នៅ​​យប់​នេះ​។

យើង​បាន​ប្រព្រឹត្ត​កំហុស​សព្វ​បែ​យ៉ាង នៅ​ក្នុង​ការ​ប្រកួត​តែមួយ ហើយ​ជា​​​ការរំពឹង​ទុក យើង​អាច​ចាប់ផ្តើម​ម្ត​ង​ទៀត​»​។ កំណត់​ត្រា​ដ៏ល្អ​របស់​ក្រុម Liverpool ត្រូវ​បាន​កម្ទេច​ដោយ​សារ​តែ​ភាព​មុត​ស្រួច​ក្នុង​តំបន់​ប្រយុទ្ធ​របស់ក្រុម Aston Villa បើ​ទោះ​​​បី​ពួកគេ​បាន​អវត្ត​មាន​អ្នក​ចាំ​ទី​ដៃស្អិត Alisson Becker ដោយ​សារ​តែ​បញ្ហា​របួស និង​តារាឆ្នើម Sadio Mane ដោយសារ​តែ​ការ​តេស្ត​ឃើញ​វីរុស​កូរ៉ូ​ណា​ក៏ដោយ​។ ក្រុម​ហង្ស​ក្រហម មិន​ធ្លាប់​ចាញ់​សោះ​បើ​គិត​ចាប់​តាំង​ពី​ការ​ប្រកួត​លីក​ជុំ​ទី​២៨ កាលពី​រដូវ​កាល​មុន និង​បាន​ឈ្នះ​រាល់​ការ​​ប្រកួត​បើក​ឆាក​ទាំង​៣​លើក នៅ​រដូវ​កាល​នេះ​។

លោក Klopp បាន​បន្ថែម​ទៀត​ថា៖ «គ្រាប់​បាល់​ដំបូង​បាន​ផ្តល់​ឥទ្ធិ​ពល​មួយ ប៉ុន្តែ គួរ​តែ​មិន​ដល់​ថ្នាក់​នេះ​ទេ​។ Adrian បាន​ធ្វើ​ឲ្យ​មាន​កំហុស ប៉ុន្តែ យើង​បាន​របូត​គ្រាប់​បាល់​បែប​នេះ​កាលពី​មុន​។ បន្ទាប់​មក យើង​​បាន​ភ្លេច​ទម្រង់​លេង​របស់​យើ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia