បរទេស៖ លោក Jose Mourinho បាន​ចាត់​ទុក​ថា ការ​ផ្តួល​អតីតក្រុម​របស់​លោក​ Manchester United ក្នុង​លទ្ធផល ៦-១ ជា​ជ័យ​ជម្នះ​ដ៏​ធំ​បំផុត​របស់​ក្រុម Tottenham កាលពីថ្ងៃ​អាទិត្យ​​។ Spurs បាន​ធ្វើ​ឲ្យ​ក្រុម Man United រង​បរា​ជ័យ​ដ៏​ធំ​បំផុត​ បើគិត​ចាប់​តាំង​ពី​ឆ្នាំ​២០១១ ខណៈ​ដែលពួកគេ​បានក្លាយ​ជាក្រុម​ទី​២ បើ​គិត​ចាប់​តាំង​ឆ្នាំ​១៩៧៨ ដែល​រក​បាន​គ្រាប់​បាល់​បញ្ចូល​ទី​៥​​គ្រាប់ ឬ​ច្រើន​ជាង​នេះ ក្នុង​នាម​ជាក្រុម​ភ្ញៀវ​នៅ​កីឡដ្ឋាន Old Trafford​។

លោក​បាន​ឲ្យ​ដឹង​ថា៖ «វា​ជា​ប្រវត្តិ​សាស្ត្រ​មួយ​សម្រាប់ក្រុម Tottenham ប្រវត្តិសាស្ត្រ​សម្រាប់​កីឡាករ​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​អាច​បដិ​សេធ​បាន​ឡើយ​ថា នេះ​ក៏​ជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​ខ្ញុំ​ផងដែរ​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​ទទួល​ជ័យ​ជម្នះ​ជា​ច្រើន​​លើក​នៅ​កីឡដ្ឋាន​នេះ ភាគ​ច្រើន​ជាង​មួយនឹងក្រុម Manchester United ប៉ុន្តែ ក៏​ជា​​មួយនឹងក្រុម Chelsea, Real Madrid និង​ពេល​នេះ​ជាមួយនឹងក្រុម Tottenham​។ ក្រុម Spurs បាន​បង្ហាញ​ថា ពួកគេ​មិន​រង​នូវ​ផល​ប៉ះ​ពាល់​ដោយ​សារ​តែ​បញ្ហា​ជំ​ងឺ​ឡើយ ក្នុង​ការ​ប្រកួត​ទី​៤​របស់​ពួក​គេ ក្នុងចន្លោះ​ពេល​៨​ថ្ងៃ ខណៈ​ដែលពួក​គេ​បាន​​វាយ​បក​តាម​ពីក្រោយ​គ្រាប់បាល់​ប៉េ​ណាល់​ទី​របស់ Bruno Fernandes នៅ​នាទី ទី​២​។

គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​​ពី​សំណាក់​កីឡាករ Tanguy Ndombele និង Son Heung-min បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រែ​ប្រួល នៅមុន​ពេល​ការ​​រង​ពិន័យ​កាត​ក្រហម​របស់ Anthony Martial បាន​ធ្វើ​ឲ្យ​ក្រុម Man United នៅ​សល់​សមា​ជិក​ត្រឹម​តែ​១០​នាក់​ក្នុង​រយៈ​ពេល​១​ម៉ោង​ចុងក្រោយ​។ ក្រុម Tottenham ដណ្តើម​​យក​ការ​មាន​ប្រៀប​ទាំងស្រុ ខណៈ​ដែល Harry Kane និង Son បាន​បញ្ចប់​ការ​ប្រកួតនេះ នៅមុន​ពេល​តង់​ទី​២​៕

ប្រភព​ព័ត៌​មាន៖ AFP