បរទេស៖ ការ​ត្រៀម​លក្ខខណៈ​របស់​ប្រទេស​កា​តា​សម្រាប់​ការ​ធ្វើ​ជាម្ចាស់​ផ្ទះ​ World Cup ឆ្នាំ​២០២២ បានវិវឌ្ឍ​ដ៏គួរ​ឲ្យ​កត់​សម្គាល់ បើ​ទោះ​បី​ការ​រាត​ត្បាត​របស់​វីរុស​កូរ៉ូ​ណា​ក៏ដោយ​។

នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ប្រធាន FIFA លោក Gianni Infantino កាល​ពីថ្ងៃពុធ ខណៈ​ដែល​លោក​បាន​​បញ្ជាក់​ថា លោក​មិន​មាន​អ្វី​ត្រូវ​រិះ​គន់ ក្រោយពី​ការ​ទៅ​ទស្សន​កិច្ច​នៅ​កីឡដ្ឋាន​ Al Bayt ឡើយ។ ក្នុង​ដំណើរ​ទស្ស​ន​កិច្ច​ទៅកាន់​ទីក្រុង​ដូហា ដែល​អំឡុង​ពេល​នោះ លោក​បាន​​ទទួល​ឈុត​សម្លៀក​បំពាក់​មួយ​សម្រាប់ ដើម្បីលេង​ការ​ប្រកួត​​មួយ​ដែលមាន​សមា​ជិក​៧នាក់​ក្នុង​មួយ​ក្រុមនៅកីឡដ្ឋាន​ Al Bayt លោក Infantino បាន​និយាយ​ថា លោក​ពិត​ជា​រីក​រាយណាស់​ទៅនឹង​វឌ្ឍ​ន​ភាព​របស់កាតា នៅមុន​ពេល World Cup​។ មុន​នឹង​បន្ថែម​ថា កីឡដ្ឋាន​ចំនួន​៨​នឹង​សាង​សង់​រួច​រាល់​ជា​ស្ថាពរ នៅមុន​​ពេល​ព្រឹត្តិ​ការណ៍​ចាប់​ផ្តើម​នោះ លោក​បាន​ឲ្យ​ដឹងនៅក្នុង​សេចក្តី​ថ្លែង​ការណ៍មួយថា៖ «យើង​មាន​ផែន​ការ​ជាច្រើន ប៉ុន្តែ នៅពេល​ដែល​អ្នកមើល​ឃើញ​ជាក់​ស្តែង វា​ពិត​ជា​ទាក់​ទាញ​ណាស់»​។

លោក​បាន​បន្ថែមទៀត​ថា៖ «កា​តា អាច​បន្ត​ឆ្ពោះ​ទៅមុខ អំឡុង​​ពេល​រយៈ​ពេល​៦​ខែ​ចុងក្រោយ​នេះ ស្រ​បពេល​ដែល​ពិភព​លោក​នៅ​ក្នុង​ស្ថាន​​ភាព​ជាប់​គាំង ពោល​គឺ​ចាប់​ពីហេដ្ឋារច​នា​សម្ព័ន្ធ រហូត​ដល់​ការ​អភិវឌ្ឍសំខាន់​ៗ ដូច​ជា កំណែទម្រង់​ការ​ងារនា​ពេលថ្មី​ៗ​នេះ ដែល​ត្រូវ​បានប្រកាស​ដោយ​រដ្ឋាភិបាល»៕

 

ប្រភព​ព័ត៌​មាន៖ Sky Sports