បរទេស៖ គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករបម្រុង Viktor Tsygankov បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែន ដណ្តើមបានជ័យជម្នះដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ១-០ លើក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការប្រកួត Nations League របស់ពួកគេ ក្នុងទីក្រុងគៀវ កាលពីថ្ងៃអង្គារ។
កីឡាកររបស់ក្លិប Dynamo Kiev វ័យ២២ឆ្នាំរូបនេះ មិនបានចំណាយពេលយូរឡើយ ក្រោយពីលោកគ្រូបង្វឹក Andriy Shevchenko បានដាក់ឲ្យរូបគេចូលលេង ខណៈដែលរូបគេបានទទួលបាល់ពីការបញ្ជូនយ៉ាងល្អរបស់កីឡាករ Andriy Yarmolenko និងបានស៊ុតបាល់បំប៉ោងសំណាញ់ផុតដៃរបស់អ្នកចាំទី David de Gea នៅនាទី ទី៧៦។ គ្រាប់បាល់ស៊ុតបញ្ចូលទីនេះ បានកើតឡើងផ្ទុយពីស្ថានភាពប្រកួតជាក់ស្តែង ខណៈដែលក្រុមជម្រើសជាតិអេស្ប៉ាញ បានគ្រប់គ្រងបាល់ជាច្រើននៅកីឡដ្ឋាន Olympic ខណៈដែលការរិតត្បិតដោយសារតែវិរុសកូរ៉ូណា ត្រូវបានបន្ធូរបន្ថយ ដើម្បីអនុញ្ញាតឲ្យអ្នកគាំទ្រមួយចំនួនបានចូលទស្សនាដោយផ្ទាល់។
នេះគឺជាលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្រោយពីក្រុមអេស្ប៉ាញ ដែលមិនធ្លាប់ចាញ់សោះចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ បានទទួលជ័យជម្នះ ៤-០ នៅពេលដែលក្រុមទាំង២បានជួបគ្នាជាលើកចុកក្រោយនៅទីក្រុងម៉ាឌ្រីដ កាលពីខែមុន។ បច្ចុប្បន្ន ក្រុមជម្រើសជាតិអ៊ុយក្រែន តាមពីក្រោយក្រុមរបស់លោក Luis Enrique ត្រឹមតែ១ពិន្ទុគត់ក្នុងពូល A ក្រុម 4៕
ប្រភពព័ត៌មាន៖ Channel News Asia


