បរទេស៖ ខ្សែ​បម្រើ​ប្រយុទ្ធ Kai Havertz និង​ខ្សែ​ប្រយុទ្ធ Timo Werner សុទ្ធ​សឹង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​លើ​ដៃគូ​ដូចគ្នា ក្នុង​ពេលក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ៣-៣ ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ស្វ៊ីស ក្នុង​ការ​ប្រកួត Nations League កាលពីថ្ងៃ​អង្គារ​។

ប៉ុន្តែ លទ្ធ​ផល​ស្មើ​នេះ កាន់​តែ​ធ្វើ​ឲ្យ​លោក Joachim Loew កាន់​តែ​ធ្លាក់​ចូល​​ក្នុង​សម្ពាធ​បន្ថែមទៀត ខណៈ​ដែលក្រុម​របស់​លោក​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ​ដល់​ទៅ​៤លើក​ក្នុង​ចំណោម​ការ​ប្រកួត​៥លើក​ចុងក្រោយ​របស់​ពួកគេ​។ ពួកគេ​បាន​ហកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​ក្រែន ក្នុងលទ្ធ​ផល ២-១ ជាមួយនឹងក្រុម​ប្រជុំ​ដោយ​តារាឆ្នើម​ៗ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​គៀវ​​កាល​ពីថ្ងៃ​សៅរ៍ ហើយ​ក្រោយពី​ការ​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ៣-៣ លើ​ទឹកដីខ្លួន​ឯង​ពេល​ប៉ះក្រុម​ជម្រើស​ជាតិ​តួក​គី កាលពីថ្ងៃពុធ សប្តាហ៍​មុន ក្រុម​របស់​លោក Loew បាន​បង្ហាញ​​ពី​ភាព​ទន់​ខ្សោយ​ក្នុង​តំបន់​ការ​ពារ​ម្តងទៀត​។

គ្រូបង្វឹក​វ័យ​៦០​ឆ្នាំ​រូបនេះ ជាប់​កិច្ច​សន្យា​ជាមួយនឹង​សហ​ព័ន្ធ​កីឡា​បាល់ទាត់​អាល្លឺ​ម៉ង់ រហូត​ដល់ World Cup ឆ្នាំ​២០២២​។ ទោះ​បី​ជា​យ៉ាង​ណា ប្រជា​ប្រិយ​ភាព​របស់​លោក​ជាមួយនឹងក្រុម​អ្នក​គាំ​ទ្រ​អាល្លឺម៉ង់ បាន​ធ្លាក់​ចុះ​ ក្រោយពី​កើន​ឡើង​ខ្ពស់ តាមរយៈ​ដឹក​នាំ​ឲ្យក្រុម​ឈ្នះ​ពាន World Cup ឆ្នាំ​២០១៤៕

ប្រភព​ព័ត៌​មាន៖ BBC