បរទេស៖ វីរបុរសក្លឹបបិសាចក្រហម Man Utd ខ្សែប្រយុទ្ធចាស់វស្សា Wayne Rooney បានក្លាយជាបេក្ខជនអាទិភាព​ដើម្បី​ទ​ទួលយកតំណែងជាអ្នកចាត់ការទូទៅលើកដំបូង​ក្នុងអាជីពជាមួយ​ក្លឹប Derby County ខណៈគ្រូបង្វឹក​សញ្ជាតិ​ហូឡង់បច្ចុប្បន្នលោក Phillip Cocu ប្រឈម​នឹងការបញ្ចប់តួនាទីក្រោយពីដឹកនាំ​ក្រុមមិន​ទទួល​បានលទ្ធផល​ល្អដូចការរំពឺងទុកនៅរដូវកាលថ្មី២០២០-២០២១។

ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថា៖ “ក្លឹបក៏មានបំណងចង់បានអតីតគ្រូបង្វឹកលោក John Gregory ដើម្បីមករួមការងារជាមួយនិង Rooney ក្នុងពេលខាងមុខនេះ”។ ក្លឹបនៅក្របខណ្ឌលីកទីពីរអង់គ្លេស (Championship) បានចាប់ផ្តើមរដូវកាលថ្មីមិនបានល្អទេ ដោយចាញ់បី​ប្រកួត​ដំបូងនិងឈ្នះតែ១ប្រកួតចុងក្រោយជាមួយ Norwich ប៉ុណ្ណោះដោយការទាត់បាល់ពិន័យ Free Kick នៅ​នាទីចុង​ក្រោយដែលបានជួយស្រោចស្រង់តំណែងលោក Cocu នាពេលនោះ។

ផ្ទុយទៅវិញ Rooney បានក្លាយ​ជា​ប្រធានបទដែលត្រូវលើកយកមកពិ​ភាក្សាពីសំណាក់គណៈគ្រប់គ្រង​ក្លឹបឡើ​ង​ឋានៈ​ទោះបីជាអតីតខ្សែប្រយុទ្ធ​ក្លឹបបិសាចក្រហមវ័យ៣៤ឆ្នាំមិនមានបទពិសោធន៍ធ្លាប់ដឹកនាំក្លឹបតែគុណសម្បត្តិក្នុងនាមកីឡាករ និង ដើរតួនាទី​ជា​គ្រូបង្វឹកកីឡាករចាប់តាំងពីខែវិច្ឆិកា២០១៩ក្រោយផ្ទេរពី D.C United នៅក្របខណ្ឌ Major League Soccer ​មក៕

 

ប្រភពព័ត៍មាន៖ Metro