បរទេស៖ ការ​ការ​ពារ​ពាន​ក្រប​ខ័ណ្ឌ Premier League របស់​ក្រុម Liverpool បាន​ធ្លាក់​ក្នុង​ភាព​រង្គោះ​រង្គើ កាលពីថ្ងៃ​អាទិត្យ នៅពេល​ដែលក្លិប​នេះ បានប្រកាស​ថា ខ្សែ​ការ​ពារ​ដ៏ឆ្នើម Virgil van Dijk បាន​រង​របួស​ដាច់​សរសៃ​ជង្គង់ ស្រប​ពេល​ដែលមាន​ព័ត៌​មាន​ចេញផ្សាយ​ថា ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ហូ​ឡង់​រូបនេះ អាច​នឹង​អវត្ត​មានរហូត​បញ្ចប់​រដូវ​កាល​​នេះ​។

Van Dijk ដែល​​នឹង​​ត្រូវ​ទទួល​ការ​វះ​កាត់ បាន​​រង​របួស ក្រោយពីការ​ប្រជែង​ដណ្តើម​បាល់​ដ៏​គ្រោះ​ថ្នាក់​ពី​​អ្នក​ចាំទី Jordan Pickford របស់​ក្លិប Everton ក្នុង​ពេល​ពួកគេ​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ២-២ ​ក្នុង​ការ​ប្រកួត​​រវាងក្រុម​ស្ថិតក្នុង​តំបន់ Merseyside ដូច​គ្នា កាលពីថ្ងៃសៅរ៍​។ Liverpool បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយថា៖ «ខ្សែ​ការ​ពារ​កណ្តាល​រូបនេះ បាន​ដាច់​សរសៃ​ជង្គង់ ក្រោយ​ពី​​ការ​ប៉ះ​ទង្គិច​ជាមួយនឹង​អ្នក​ចាំ​ទី Jordan Pickford ក្រោយពី​លេង​បាន​រយៈ​ពេល​៦នាទីនៅ​កីឡដ្ឋាន GoodisonPark​។ Van Dijk ត្រូវ​បាន​ប្តូរ​ចេញ និង​​ការ​​ត្រួត​ពិនិត្យ​បន្ថែម​ទៀត នៅ​លើ​របួស​របស់​គេ បាន​បង្ហាញ​ថា រូប​គេ​នឹង​ត្រូវ​តែ​ទទួលការ​វះ​​កាត់​។

មិនមាន​ពេលវេលា​ជាក់​លាក់​ទៅលើ​ការ​វិល​ចូល​លេង​របស់​គេ​ក្នុង​ដំណាក់​កាល​នេះ​​ឡើយ​»​។ ប៉ុន្តែ ការ​អវត្តមាន​របស់​គេនឹង​មាន​រយៈពេល​ជាច្រើន​ខែ នៅ​មុន​ពេល​រូប​គេ​​អាច​វិល​ចូលលេង​ឲ្យ Liverpool ហេតុនេះ លោក Jurgen Klopp នឹង​មាន​បញ្ហា​ដ៏​ចម្បង​ក្នុងការ​ដោះស្រាយ​ក្នុង​តំបន់​ការ​ពារ​នៅ​រដូវ​កាល​នេះ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia