បរទេស៖ ខ្សែ​ប្រយុទ្ធ Marcus Rashford បានផ្តល់​ការ​ខក​ចិត្ត​ដល់​ក្រុម Paris Saint-Germain ម្តង​ទៀត ក្រោយពី​​បាន​រក​គ្រាប់​បាល់កាត់​សេចក្តី ក្នុង​ពេលក្រុម​ខ្លួន​ទទួល​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-១ នា​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League នៅ​រដ្ឋ​ធានី​បារាំង ស្រប​ពេល​ដែលក្រុម Barcelona បាន​បញ្ជូន​សារ​មួយ​តាមរយៈ​ការ​​យកឈ្នះ​លើក្រុម Ferencvaros ៥-១ កាលពីថ្ងៃ​អង្គារ​។

Rashford ដែល​បាន​​រក​គ្រាប់​បាល់​ឈ្នះ​ នៅពេល​ដែលក្រុម Man United ផ្តួល​ក្រុម PSG កាលពីឆ្នាំ​២០១៩​នោះ បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី នៅ​រយៈ​ពេល​៣​នាទី​ចុងក្រោយ​នៃការ​ប្រកួត ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​បើកឆាកនៃ​ពូល H នា​កីឡដ្ឋាន Parc des Princes តែម្តង​។ Man United បាន​រក​គ្រាប់​បាល់​នាំមុខ​មុន​នៅ​នាទី ទី​២៣ នៅ​ពេល​ដែល​ខ្សែ​បម្រើ Bruno Fernandes បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី ពី​ចំណុច​ពិន័យ​១១​ម៉ែត្រ ប៉ុន្តែ ខ្សែ​ប្រយុទ្ធ Anthony Martial បាន​តែត​បាល់​ចូល​ទីខ្លួន​ឯង ក្រោយពី​ការ​​ទាត់​បាល់​ចេញ​ពី​ជ្រុង​របស់ Neymar ក្រោយពី​លេង​បាន​១០​នាទីក្នុង​តង់​ទី​២​។

ការ​ប្រកួតនា​ពេល​បន្ទាប់​ទៀត បាន​ស្ថិតក្នុង​ភាព​ស្វិត​ស្វាញ ខណៈ​ដែល​ក្រុម​ទាំង​ព្យា​យាម​ដណ្តើម​យក​ជ័យ​ជម្នះ​រៀង​ៗខ្លួន ហើយ Rashford បាន​​បំពេញ​ជ័យ​ជម្នះ​សម្រាប់ក្រុម​ខ្លួន​តែម្តង​។ Rashford បាន​ប្រាប់ BT Sport ថា៖ «ពិត​ណាស់ នេះ​គឺ​ជា​អារម្មណ៍​ល្អ​។ ជាពិសេស យើង​បាន​ឈ្នះ​ការ​ប្រកួតនេះ ហើយ​យើង​កំពុង​តែ​ស្ថិត​ក្នុង​ទី​តាំង​ដ៏​រឹងមាំ​ពេល​នេះ​ក្នុង​ពូល​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia