បរទេស៖ ខ្សែ​បម្រើ​ស្លាប Vinicius Junior បាន​ស៊ុត​បាល់​បញ្ចូល​ទី​​កាត់​សេចក្តី​ក្នុង​ការ​ប្រកួត ខណៈ​ដែល​ក្រុម Real Madrid បានផ្តួល​ក្រុម Liverpool ក្នុង​លទ្ធផល ១-០ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីថ្ងៃ​សៅរ៍ ក្នុង​ទីក្រុង​ប៉ា​រីស ដើម្បីក្លាយ​ជា​ស្តេច​​ប្រចាំ​ទ្វីប​អឺ​រ៉ុប ជាលើក​ទី​១៤​។ ការ​ប្រកួត​នេះ ក៏​​ត្រូវ​បាន​រំខាន​ដោយ​សារ​តែ​បញ្ហា​នានា​នៅ​ខាង​ក្រៅ​ទីលាន​ប្រកួតផង​ដែរ ដែល​នាំ​ឲ្យ​មាន​ការ​ពន្យា​រពេល​ការ​ប្រកួត​រហូត​ដល់​ទៅ​កន្លះ​ម៉ោង​។

ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិ​ប្រេស៊ីល Vinicius បាន​ស៊ុត​បាល់បញ្ចូលទី​យ៉ាងល្អ​នៅនាទី ទី​៥៩ ក្រោយពីការ​បញ្ជូន​បាល់​របស់ Fede Valverde នាកីឡដ្ឋាន Stade de France ហើយ Liverpool មិនអាច​រក​គ្រាប់​បាល់​តាមស្មើ​វិញ​បានឡើយ ខណៈ​ដែលក្រុមរ​បស់​លោក Jurgen Klopp បាន​រងបរា​ជ័យ​ក្រោមស្នា​ដៃក្រុម​យក្ស​អេ​ស្ប៉ាញ​ ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គផ្តាច់​ព្រ័ត្រ ជាលើក​ទី​២ ក្នុង​រយៈ​ពេល​៥​រដូវ​កាល​។

Liverpool នឹង​មាន​ការ​សោកស្តាយ ខណៈ​ដែលអ្នក​ចាំទី Thibaut Courtois បាន​បំពេញ​តួនាទី​យ៉ាង​ល្អ ដើម្បី​សង្គ្រោះ​បាល់​ពីការ​ស៊ុត​របស់ Sadio Mane នៅពេល​ដែលពួកគេ​បាន​លេង​យ៉ាងល្អ​នៅ​តង់ទី​១​។ លោក Klopp បាន​ឲ្យដឹងថា៖ «កីឡាករ​បាន​លេង​យ៉ាងល្អ​នៅ​រដូវកាល​នេះ​។ យុទ្ធ​នាការ​២​ដែលយើង​មិនអាច​ឈ្នះ យើង​បាន​ខក​ខាន​តែ​បន្តិច​ប៉ុណ្ណោះ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia