បរទេស៖ លោក Zinedine Zidane បាន​អំពាវ​នាវ​ឲ្យស្ងប់​ចិត្ត ក្រោយពីក្រុម Real Madrid បាន​​រង​បរា​​ជ័យ​ក្នុងលទ្ធ​ផល ៣-០ ក្រោម​ស្នា​ដៃក្រុម Shakhtar Donetsk ក្នុងការ​ប្រកួតក្រ​ប​ខ័ណ្ឌ Champions League លើ​ទឹកដីខ្លួន​ឯង​កាលពីថ្ងៃ​ពុធ ខណៈ​ដែលនេះ​គឺ​ជា​ការ​រង​បរា​ជ័យ​ជាលើក​ទី​២​ជាប់​ៗគ្នា​របស់​ពួក​គេ នៅ​មុន​ពេលការ​ប្រកួត Clasico ជាមួយនឹងក្រុម Barcelona នៅ​ថ្ងៃ​សៅរ៍ សប្តាហ៍នេះ​។

ក្រុម​ម្ចាស់​ជើង​ឯក​អ៊ុយ​ក្រែន Shakhtar បាន​អវត្ត​មាន​តារា​ឆ្នើម​ៗក្នុង​ជម្រើស​ដំបូង​ចំនួន​១០នាក់ និងបុគ្គ​លិក​ក្លិប​៩នាក់ ដោយ​សារ​តែ​ការ​ឆ្លង​វីរុស​កូរ៉ូ​ណា ប៉ុន្តែ បាន​កត់ត្រា​ជ័យ​ជម្នះ​ដ៏​​គួរ​ឲ្យ​ចាប់​អារម្មណ៍ នៅ​កីឡដ្ឋាន Alfredo di Stefano ក្រោយ​ពី​បាន​​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ​១៣​នាទីនៅ​តង់ទី​១​។ លោក Zidane បាន​ឲ្យ​ដឹង​ថា៖ «យើង​ខ្វះ​ខាត​គ្រប់​ចំណុច​ទាំង​អស់ ប៉ុន្តែ ចំណុច​ដែលសំខាន់​នោះ​គឺ​​ការ​ជឿជាក់​របស់​យើង​​។ អ្វី​ដែល​សំខាន់​សម្រាប់​យើង​នៅ​ពេលនេះ គឺ​ការ​រក្សា​ចិត្ត​ឲ្យ​ស្ងប់​។ នេះ​គឺ​ជា​​រាត្រី​ដ៏ខក​ចិត្តមួយ ហើយ​យើង​ត្រូវ​តែ​​ធ្វើ​ឲ្យ​អ្វី​ៗមាន​ភាពល្អ​ប្រសើរ​ឡើង»​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Tete និង Manor Solomon នៅ​ចន្លោះ​​ការ​ធ្វើ​ឲ្យ​បាល់ចូល​ទី​ខ្លួន​ឯង​របស់ Raphael Varane បាន​ជួយ​ឲ្យ​ក្រុម Shakhtar នាំ​មុខ​ដ៏រឹងមាំ​នៅ​ត្រឹម​តង់​ទី​១ ស្រប​ពេល​ដែល Luka Modric និង Vinicius Junior បាន​វាយ​បក​២គ្រាប់​វិញ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia