បរទេស៖ លោក Jurgen Klopp បានកោតសរសើរស្មារតីរបស់ក្រុម Liverpool ខណៈដែលក្រុមហង្សក្រហមមួយនេះ បានបង្ហាញថា ពួកគេអាចដោះស្រាយបាន ដោយគ្មានខ្សែការពារឆ្នើម Virgil van Dijk តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុម Ajax ក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ។

ក្រុមរបស់លោក Klopp ទំនងជាត្រូវអវត្តមានតារាឆ្នើម Van Dijk រហូតដល់បញ្ចប់រដូវកាលនេះ ក្រោយពីខ្សែការពារកណ្តាលអន្តរជាតិហូឡង់រូបនេះ បានរងរបួសដាច់សរសៃជង្គង់ នៅពេលប្រកួតជាមួយនឹងក្រុម Everton កាលពីចុងសប្តាហ៍មុន។ ក្រុមអ្នករិះគន់ជាច្រើនបានលើកឡើងថា Liverpool នឹងជួបភាពត្រដាបត្រដួស ដោយគ្មាន Van Dijk ប៉ុន្តែ ខ្សែបម្រើអន្តរជាតិប្រេស៊ីល Fabinho បានបំពេញកន្លែងទំនេរនោះបានយ៉ាងល្អ ដោយចាប់ដៃគូជាមួយនឹង Joe Gomez នៅតំបន់ការពារកណ្តាល។ បើទោះបីក្រុម Liverpool មិនបានស្ថិតក្នុងកម្រិតលេងដ៏ល្អឥតខ្ចោះរបស់ខ្លួនក៏ដោយ ប៉ុន្តែ ជ័យជម្នះនេះ ពិតជាលទ្ធផលដ៏គួរឲ្យជឿជាក់ក្នុងការប្រកួតក្នុងពូល D សម្រាប់លោក Klopp ខណៈដែល Nicolas Tagliafico បានធ្វើឲ្យបាល់ទាត់ចេញពីជើងរបស់កីឡាករ Sadio Mane ចូលទីខ្លួនឯងក្នុងតង់ទី១។

លោក Klopp បានឲ្យដឹងាថ៖ «នេះមិនមែនជាលទ្ធផលដ៏ល្អឥតខ្ចោះឡើយ ប៉ុន្តែ ពួកគេបានខិតខំព្យាយាមយ៉ាងអស្ចារ្យ។ យើងមិនដណ្តើមយកឱកាសរបស់យើងឡើយ ដែលជារឿងដ៏អាម៉ាស ហើយ Ajax មានឱកាសស៊ុតបាល់ប៉ះទៅនឹងបង្គោលទី»៕

ប្រភពព័ត៌មាន៖ Channel News Asia