បរទេស៖ លោក Ryan Giggs បានបង្ហាញពីការគាំទ្រក្លឹប Man Utd ដែលបានចុះហត្ថលេខានាំយកកីឡាករដែលមានបទពិសោធន៏ Edinson Cavani ដោយគ្មានតម្លៃខ្លួន (Free Transfer) មកកាន់ទឹកដី Old Trafford ក្នុងអំឡុងពេលនៃថ្ងៃបញ្ចប់ទីផ្សារដោះដូរកីឡាករកាលពីថ្ងៃទី៥តុលា។
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិវែលមានទំនុកចិត្តថាខ្សែប្រយុទ្ធអន្តរជាតិ អ៊ុយរូហ្គាយវ័យ ៣៣ឆ្នាំរូបនេះនឹងធ្វើអោយក្រុមមានឥទ្ធិពលនិងមានទម្រង់លេងល្អប្រសើរជាងមុនដូចជាពេលដែលខ្សែបម្រើស្លាប Bruno Fernandes ផ្ទេរមកកាន់ក្រុមជើងឯកអង់គ្លេស២០សម័យកាលពីថ្ងៃទី១មករាកន្លងទៅនេះ។ ថ្លែងប្រាប់ Youtube Webby វីរបុរសក្រុមបិសាចក្រហម Man Utd រូបនេះបានបញ្ចាក់ថា៖ “ខ្ញុំធ្លាប់លេងប្រឈមជាមួយ Cavani កំលុងពេលជាកីឡាករ នៅពេលនោះគាត់ពិតជាល្អជាង Luis Suarez តែមកដល់ពេលនេះខ្ញុំមិនគិតថាគាត់នៅតែល្អដូចពេលមុនរឺយ៉ោងណាព្រោះតែខកខានមិនបានចូលលេងមួយរយៈចុងក្រោយពិសេសមុនពេលចាកចេញពី PSG។”
ក្រុមយើងមាន Rashford និង Martial ដែលអាចលេងតួនាទីជាខ្សែបម្រើ-ប្រយុទ្ធស្លាប ដើម្បីគាំទ្រ Cavani ជាខ្សែប្រយុទ្ធកណ្តាលស្រាប់ក៏ដូចជាការគាំទ្រពី Bruno ដែរ ដូច្នេះគាត់និងធ្វើអោយសន្ទុះកីឡាករនៅជុំវិញគាត់កាន់តែប្រសើរឡើង។ Cavani ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងនៅពេល Man United ជួបតោខៀវ Chelsea នៅថ្ងៃសៅរ៍ចុងសប្តាហ៏នេះ៕
ប្រភពព័ត៍មាន៖ Sportsmole