បរទេស៖ លោក Brendan Rodgers បានកោតសរសើរខ្សែប្រយុទ្ធកម្រិតពិភពលោក Jamie Vardy ក្រោយពីរូបគេបានជួយឲ្យក្រុម Leicester ទទួលជ័យជម្នះ ១-០ ខណៈដែលក្រុម Arsenal បានរងបរាជ័យជាលើកទី៣ ក្នុងចំណោមការប្រកួតក្របខ័ណ្ឌ Premier League ៣លើកចុងក្រោយរបស់ខ្លួន កាលពីថ្ងៃអាទិត្យ។
Vardy ទើបតែបានជាសះស្បើយពីរបួសដើម្បីអាចចូលលេងក្នុងនាមជាកីឡាករបម្រុង ក្រោយពីបានរងរបួសកំភួនជើង ប៉ុន្តែ លោក Rodgers អ្នកចាត់ការទូទៅរបស់ក្រុម Leicester បានដាក់ឲ្យខ្សែប្រយុទ្ធរូបនេះចូលលេងនៅរយៈពេល៣០នាទីចុងក្រោយ។ Vardy បានឆ្លើយតបវិញជាមួយនឹងរកគ្រាប់បាល់ទី៦របស់គេនៅរដូវកាលនេះ។ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ បានបង្កើតឲ្យមានទម្លាប់មួយនៃការផ្តល់ការខកចិត្តដល់ក្រុម Arsenal ហើយបច្ចុប្បន្នរូបគេបានស៊ុតបាល់បញ្ចូលទី១១គ្រាប់ក្នុងចំណោមការប្រកួត១២លើកជាមួយនឹងក្រុមកាំភ្លើងធំ ក្នុងក្របខ័ណ្ឌ Premier League។ លោក Rodgers បានឲ្យដឹងថា៖ «ផែនការរបស់យើងគឺការដាក់ឲ្យ Jamie Vardy ចូលលេង ហើយរូបគេអាចបង្កើតការភ្ញាក់ផ្អើល»។
ក្រោយពីក្រុម Leicester ដណ្តើមបានជ័យជម្នះជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៧៣ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «រូបគេបានរួមចំណែកជួយដ៏ធំ។ នេះបង្ហាញអ្នកឲ្យឃើញពីកម្រិតដែលរូបគេមាន ហើយរូបគេជាកីឡាករកម្រិតពិភពលោក។ ខ្ញុំពិតជាមានសំណាណាស់ក្នុងការមានរូបគេ»។ Leicester បានឡើទៅឈរលេខ៤ ក្រោយពីបញ្ចប់ការចាញ់ជាប់ៗគ្នាត្រឹម២លើក៕
ប្រភពព័ត៌មាន៖ Channel News Asia