បរទេស៖ តារាឆ្នើម Eden Hazard បាន​ធ្វើ​ដំណើរ​ជាមួយនឹងក្រុម Real Madrid ទៅកាន់​ទឹកដីអាល្លឺ​ម៉ង់ និ​ង​អាច​ចូល​លេង ក្រោយពី​របួស នៅពេល​ប៉ះ​ជាមួយនឹងក្រុម Borussia Moenchengladbach នៅក្នុងក្រប​ខ័ណ្ឌ Champions League​​។

នេះ​​បើ​យោង​ទៅ​តាម​​ការ​បញ្ជាក់​របស់​លោក​គ្រូបង្វឹក Zinedine Zidane កាលពីថ្ងៃ​ចន្ទ​។ ខណៈ​ដែល​កំពុង​តែ​ផ្តោត​ទៅលើ​ការ​ប្រកួត Champions League នៅ​រាត្រីនេះ លោក Zidane បាន​​ឲ្យដឹង​ថា៖ «នេះ​គឺ​ជា​ដំណឹង​ល្អ​​។ យើង​ទាំង​អស់​គ្នា​រីក​រាយដែល​រូប​គេ​ស្ថិត​នៅ​ជាមួយនឹង​យើង ហើយ​យើង​នឹង​រង់​ចាំមើល​​ពី​របៀប​ដែល​យើង​​នឹង​ប្រើ​ប្រាស់​រូប​គេ​នៅ​ថ្ងៃ​ស្អែក​​។ រឿង​ដ៏​សំខាន់​នោះ​គឺ​ថា រូប​គេ​វិល​មក​វិញ ហើយ​នោះ​គឺ​ជា​ចំណុច​វិជ្ជ​មាន​សម្រាប់​យើង​»​​។ ការ​បង្ហាញ​ខ្លួន​ជាលើក​ចុងក្រោយ​របស់ Hazard បាន​កើត​ឡើង​ក្នុងក្រប​ខ័ណ្ឌ Champions League ក្នុង​ពេល​ក្រុម​ខ្លួន​បាន​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ ជើង​ទី​២ ក្រោមស្នាដៃ​ក្រុម Manchester City កាលពីថ្ងៃ​ទី​១៧ ខែ​សីហា នៅ​ចុង​រដូវ​កាល​ទី​១​របស់​គេ​នៅ​ក្នុង​ទីក្រុង​ម៉ា​ឌ្រីដ ដែល​ត្រូវ​បាន​រំខាន​ដោយ​បញ្ហា​របួស​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បែលហ្ស៊ិក​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​​ប្តូរ​ចេញ​នៅ​នាទី ទី​៨៣ នៅ​ក្នុង​ទីក្រុង Manchester និង​មិន​ធ្លាប់​បាន​ចូលលេង​សោះ​ចាប់​តាំងពី​ពេលនោះ ដោយ​សារ​តែ​បញ្ហា​របួស​ភ្លៅ​ស្តាំ​របស់​គេ​។ ក្រុម Real បាន​រង​បរា​ជ័យ​ក្នុងការ​ប្រកួត​បើកឆាកនៃ Champions League ក្នុងលទ្ធផល ៣-២ លើ​ទឹកដីខ្លួន​ឯង​ក្រោមស្នា​ដៃក្រុម Shakhtar Donetsk កាលពីថ្ងៃ​ពុធ សប្តាហ៍​មុន​។ ពួក​គេ​បាន​ស្តារ​មុខ​មាត់​វិញ តាម​រយៈ​ការ​យកឈ្នះលើក្រុម Barcelona ៣-១ ក្នុងក្រប​ខ័ណ្ឌ La Liga កាលពីថ្ងៃសៅរ៍​៕

 

ប្រភ​ព​ព័ត៌​មាន៖ Channel News Asia