បរទេស៖ លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានកោតសរសើរទៅលើទម្រង់លេងរបស់ក្រុមខ្លួន ក្នុងពេលអវត្តមានខ្សែការពារឆ្នើម Virgil van Dijk ខណៈដែលពួកគេត្រៀមធ្វើជាម្ចាស់ផ្ទះទទួលក្រុម Midtjylland ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូល នៅរាត្រីនេះ។
Liverpool បានយកឈ្នះលើក្រុម Ajax Amsterdam ក្នុងលទ្ធផល ១-០ ពីការប្រកួតបើកឆាកក្នុងពូលរបស់ខ្លួន បើទោះបីខ្សែការពារឆ្នើម Van Dijk បានអវត្តមានដោយសារតែបញ្ហារបួសក៏ដោយ។ ទោះបីជាយ៉ាងណា លោក Klopp បានបញ្ជាក់ថា Midtjylland គឺជាគូប្រកួតដ៏ខ្លាំងមួយដែលមិនអាចមើលស្រាលបានឡើយ ហើយក្រុមស្ថិតក្នុងក្របខ័ណ្ឌ Premier League របស់លោក មិនបានចាត់ទុកពួកគេជាក្រុមតូចឡើយ។ នៅមុនពេលការប្រកួតនាកីឡដ្ឋាន Anfield នៅរាត្រីនេះ លោក Klopp បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងមិនចាត់ទុកក្រុម Midtjylland ជាក្រុមតូចមួយឡើយ។
![]()
ពួកគេស្ថិតនៅក្នុងការប្រកួតនេះ ដោយសារតែពួកគេបានទទួលសិទ្ធិដើម្បីប្រកួត»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំដឹងរឿងរ៉ាវរបស់ក្លិបនេះ និងសមិទ្ធិផលដែលពួកបានព្យាយាមសម្រេចឲ្យបាន។ នោះគឺជាគម្រោងដ៏គួរឲ្យចាប់អារម្មណ៍មួយ។ កាលពី៥ឆ្នាំមុន ក្នុងពេលខ្ញុំសម្រាកពីការងារ ខ្ញុំចាប់អារម្មណ៍ក្នុងការធ្វើដំណើរទៅកាន់ទីនោះ ដើម្បីមើលពីចំណុចផ្សេងៗដែលស្រេចបាន ប៉ុន្តែ បន្ទាប់មក ខ្ញុំបានចុះហត្ថលេខាជាមួយនឹង Liverpool»៕
ប្រភពព័ត៌មាន៖ AFP

