បរទេស៖ លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​កោត​សរសើរ​ទៅលើ​ទម្រង់​លេង​របស់​ក្រុម​ខ្លួន ក្នុង​ពេល​អវត្តមាន​ខ្សែ​ការ​ពារ​ឆ្នើម Virgil van Dijk ខណៈ​ដែលពួកគេ​ត្រៀម​ធ្វើ​​ជាម្ចាស់ផ្ទះ​ទទួលក្រុម Midtjylland ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ចែកពូល នៅ​រាត្រី​នេះ​។

 

Liverpool បានយកឈ្នះ​លើក្រុម Ajax Amsterdam ក្នុងលទ្ធ​ផល ១-០ ពី​ការ​ប្រកួត​បើកឆាក​ក្នុងពូល​របស់​ខ្លួន បើ​ទោះ​បី​ខ្សែ​ការ​ពារ​ឆ្នើម Van Dijk បាន​អវត្តមានដោយ​សារ​តែ​បញ្ហា​របួស​ក៏ដោយ​។ ទោះ​បី​ជា​យ៉ាង​ណា លោក Klopp បាន​បញ្ជាក់​ថា Midtjylland គឺ​ជា​​គូ​ប្រកួត​ដ៏​ខ្លាំង​មួយ​ដែលមិន​អាច​មើល​ស្រាលបាន​ឡើយ ហើយ​ក្រុម​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League របស់​លោក មិនបាន​ចាត់ទុក​ពួកគេ​ជាក្រុម​តូច​ឡើយ​។ នៅមុន​ពេលការ​ប្រកួត​នា​កីឡដ្ឋាន Anfield នៅ​រាត្រីនេះ លោក Klopp បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «យើងមិន​ចាត់​ទុក​ក្រុម Midtjylland ជាក្រុម​តូច​មួយ​ឡើយ​។

Jürgen Klopp: No timescale for Van Dijk's recovery - Liverpool FC

ពួកគេ​ស្ថិត​នៅ​ក្នុងការ​ប្រកួតនេះ ដោយ​សារ​តែ​ពួកគេ​បាន​ទទួល​សិទ្ធិ​ដើម្បី​ប្រកួត​»​។ លោក​បាន​បន្ថែមទៀត​ថា៖ «ខ្ញុំ​ដឹង​​រឿង​រ៉ាវ​របស់​ក្លិប​នេះ និង​សមិទ្ធិផល​ដែល​ពួក​បាន​ព្យា​យាមស​ម្រេច​ឲ្យ​បាន​។ នោះ​គឺ​ជា​គម្រោង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​។ កាលពី​៥​ឆ្នាំ​មុន ក្នុង​ពេល​ខ្ញុំ​សម្រាកពី​ការ​ងារ ខ្ញុំ​ចាប់​អារម្មណ៍​ក្នុងការ​ធ្វើ​ដំណើរ​ទៅកាន់​​ទីនោះ​ ដើម្បី​មើល​ពី​ចំណុច​ផ្សេង​ៗ​ដែល​ស្រេច​បាន​ ប៉ុន្តែ បន្ទាប់​មក ខ្ញុំ​បាន​ចុះ​ហត្ថលេខា​ជាមួយនឹង Liverpool​»​៕

 

ប្រភព​ព័ត៌មាន៖ AFP