បរទេស៖ លោក Zinedine Zidane គ្រូបង្វឹក​របស់​ក្រុម Real Madrid បាន​បញ្ជាក់​ថា ពួកគេមិន​អាច​ធ្វើ​ឲ្យ​មានការ​ភ្លាត់​ស្នៀត​ទៀត​ឡើយ ប្រសិន​បើ​ពួកគេ​ចង់​ឈ្នះកៅអី​ទៅលេង​ក្នុង​ក្រប​ខ័ណ្ឌ Champions League វគ្គ​ចាញ់​ធ្លាក់ ហើយ​​កីឡាករ​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​សម្រាប់​ការ​​ប្រកួត​ប្រជែងលើ​ភាព​រឹង​មាំ​​ផ្នែក​រាង​កាយ​មួយ​ផ្សេង​​ទៀត​នៅលើ​ទឹកដីខ្លួន​ឯង​ពេល​ប៉ះ​ក្រុម Inter Milan នៅ​​រាត្រី​នេះ​។

ក្រុម​ម្ចាស់​ជើង​ឯក​អេ​ស្ប៉ាញមួយ​នេះ កំពុង​តែ​ស្ថិត​នៅ​បាត​​តារាង​នៃ​ពូល B ដោយ​មាន​ត្រឹម​តែ​១ពិន្ទុ​គត់​​ពីការ​ប្រកួត​២លើក​ ក្រោយ​ពី​ចាញ់​ក្រោមស្នា​ដៃក្រុម Shakhtar Donetsk ៣-២ នៅ​មុន​ពេល​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ​ ២-២ នៅលើ​ទឹកដីក្រុម Borussia Moenchengladbach កាល​ពី​សប្តាហ៍​មុន​។ លោក Zidane បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​កាលពីថ្ងៃចន្ទ​ថា៖ «Inter គឺ​ជាក្រុម​ដ៏ខ្លាំង​មួយ មាន​ភាព​រឹង​មាំ​ផ្នែក​រាង​កាយ និង​លេង​បាល់​ទាត់​យ៉ាងល្អ​។ នេះ​គឺ​ជា​វគ្គ​ផ្តាច់​ព្រ័ត្រ​សម្រាប់​យើង​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «វា​តែង​តែ​មានការ​ពិភាក្សា​គ្នា​ជាច្រើន​នៅ​ក្រៅ​ទីលាន​អំពី​អ្វី​ដែល​យើង​ត្រូវ​តែផ្លាស់ប្តូរ ប៉ុន្តែ កីឡាករ​ទាំង​អស់​សុទទ្ធ​សឹង​មានការ​ប្រកួត​ប្រជែងខ្លាំង​។ ពួកគេ​ចង់​ឈ្ន ហើយ​ខ្ញុំ​​អាច​និយាយ​បែប​នេះក្នុងនាម​ជា​គ្រូបង្វឹក​ម្នាក់​។ យើង​តែង​តែ​ចង់​ឈ្នះ​រាល់​ប្រកួត​ដែល​​យើង​ចូលរួម​​។ យើង​តែង​តែ​ចង់​បង្ហាញ​ថា យើង​ជាក្រុម​ខ្លាំង»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia