បរទេស៖ លោក Pep Guardiola បាន​បញ្ជាក់​ថា ការ​ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត​ពី​វគ្គ​ចែក​ពូល​របស់ក្រុម Manchester City ជា​ទៀ​ង​ទាត់ក្នុង​ក្រប​ខ័ណ្ឌ Champions League មិន​ត្រូវ​បាន​​គេ​ផ្តល់​ការ​កោតសរសើរ​ឲ្យ​បាន​គ្រប់គ្រាន់​ឡើយ នៅ​មុន​ពេល​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម Olympiakos នៅ​រាត្រីនេះ​។

Man City អាច​​រំកិលកាន់​តែ​កៀក​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះ​កៅអី​ទៅ​លេងក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​យុទ្ធនាការ​កំពូល​របស់​​អឺ​រ៉ុប​​ សម្រាប់​រយៈ​ពេល​៨​រដូវ​កាល​ជាប់​ៗ​គ្នា តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​លើក្រុម​ខ្លាំង​របស់​ក្រិក​មួយនេះ នៅ​ថ្ងៃ​នេះ​។ ឈាន​ទៅកាន់​រដូវ​កាល​ទី​៥​របស់​​លោក​ក្នុ​ង​នាម​ជា​គ្រូបង្វឹក​របស់​ក្រុម Man City លោក Guardiola បាន​ទទួល​​រង​នូវការ​រិះ​គន់​ជា​ញឹក​ញាប់​ចំពោះ​កា​រមិន​អាច​ដឹកនាំ​ក្រុម​ឲ្យ​ឆ្លង​ផុត​វគ្គ​៨​ក្រុម​ចុង​ក្រោយនៃក្រប​ខ័ណ្ឌ Champions League​។ ប៉ុន្តែ លោក​បាន​លើក​យក​ពី​ភាព​ត្រដាប​ត្រដួស​របស់​ក្រុម Real Madrid ដែល​ទទួ​ល​បាន​ត្រឹម​តែ​១ពិន្ទុ​ពីការ​ប្រកួត​បើកឆាក​ពីរ​​លើក​របស់​ពួក​គេ ធ្វើជា​គំរូដើម្បី​បង្ហាញពី​កម្រិតសមត្ថភាព​ដែលក្រុម Man City ក្នុង​ការ​ឆ្លង​ផុត​ជាមួយនឹង​ឧបស័គ្គតិច​តួច​ ដោយ​សមត្ថភាព​នេះ​ត្រូវ​បាន​គេមើល​រំលង​។

លោក Guardiola បាន​ឲ្យ​ដឹង​ដឹថា៖ «ការ​ឈ្នះ​កៅអី​ទៅលេង​ក្នុង​វគ្គ​បន្ត​គឺ​ជា​សមិទ្ធ​ផល​ដ៏សំខាន់​បំផុត ប៉ុន្តែ ជា​រៀង​រាល់​ឆ្នាំ មាន​ក្លិប​ធំ​ៗជាច្រើន​ដែល​មិនបាន​ឈ្នះ​សិទ្ធិ​ទៅ​លេង​។ នៅ​ថ្ងៃនេះ យុទ្ធនាការ​នេះ​មិន​ដូច​កាលពី​១០​ឆ្នាំ​មុន​ឡើយ ដែលនៅពេល​នោះ ខ្ញុំ​បាន​ចាប់​ផ្តើម​ចាប់​អាជីព​ជា​គ្រូបង្វឹក ដោយ​ការ​ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត​​មាន​ភាព​ងាយ​ស្រួល​ជាង​ពេលនេះ​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia