បរទេស៖ Liverpool នៅ​តែ​​មាន​ការ​លើក​ទឹក​ចិត្ត​ខ្ពស់​ក្នុង​ការឈ្នះពានក្រប​ខ័ណ្ឌ Champions League និង Premier League បើ​ទោះ​បី​គ្មាន​​វត្ត​មាន​របស់​តារាឆ្នើម Virgil van Dijk ក៏ដោយ​។​​ នេះបើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់ខ្សែ​បម្រើ Trent Alexander-Arnold កាលពីថ្ងៃចន្ទ​។

ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ហូឡង់​ Van Dijk ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​អវត្ត​មាន​រហូត​ដល់​បញ្ចប់​រដូវ​កាល​នេះ ក្រោយពី​បាន​រង​របួស​ដាច់​សរសៃ​​ជើង​ ពេល​ជួបក្រុម Everton ក្នុង​ជំនួប​រវាងក្រុម​ស្ថិតក្នុង​តំបន់ Merseyside ដូច​គ្នា កាលពី​ខែមុន​។ ប៉ុន្តែ ចាប់​តាំងពីពេលនោះមក Liverpool ដណ្តើម​បាន​ពិន្ទុ​​ពេញ​ពីការប្រកួត​ទាំង​៤លើក ដើម្បី​វិល​ទៅ​ឈរ​នៅលើ​កំពូល​តា​រាង​នៃក្រប​ខ័ណ្ឌ Premier League និង​ពូល​របស់​ខ្លួន​ក្នុងក្រប​ខ័ណ្ឌ Champions League។ ក្រុម​របស់​លោក Jurgen Klopp បាន​បញ្ចប់​ការ​រង់​ចាំ​រយៈ​ពេល៣០​ឆ្នាំ ដើម្បី​ឈ្នះពាន​ក្រប​ខ័ណ្ឌលីក កាល​ពី​ដើម​ឆ្នាំនេះ ពោល​​គឺ​ត្រឹម​តែ​១​រដូវ​កាល​ ក្រោយពី​បានឈ្នះពាន Champions League​។ ជាមួយ​គ្នា​នេះ ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិពល​ Alexander-Arnold ជឿជាក់​ថា បទពិសោធ​គឺ​ជាគន្លឹះ​ដ៏សំខាន់ក្នុង​ការ​ជម្នះ​លើ​ឧបស័គ្គ​នានាដែលពួកគេ​ជួប​នៅ​រដូវកាលនេះ​។

នៅមុន​ពេល​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League នៅលើ​ទឹកដីក្រុម Atalanta កីឡាករ Alexander-Arnold បាន​ឲ្យដឹងថា៖ «រាល់​បញ្ហា​ទាំង​អស់​គឺ​ជា​វិដ្តន៍​ដែលយើង​កំពុង​តែ​ស្ថិត​នៅ និងក្រុម​ដែលយើង​កំពុង​តែ​ស្ថិត​នៅ​​។ ប៉ុន្តែ យើង​នៅ​តែ​ផ្តោត​លើ​សមិទ្ធ​ផល​ដែលយើង​ចង់​សម្រេច​ឲ្យ​បាន និង​សមិទ្ធ​ផល​ដែលយើង​ចង់ឈ្នះ​»​៕

 

ប្រភព​ព័ត៌​មាន៖ AFP