បរទេស៖ លោក Pep Guardiola ពេញ​នឹង​ជម្រើស​នៃ​ការ​មាន​ខ្សែ​ប្រយុទ្ធ​​ដ៏​រឹង​​មាំ​ម្នាក់​សម្រាប់​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ដ៏​រំភើប​មួយ​ជា​មួយនឹងក្រុម Liverpool នៅ​ថ្ងៃ​អាទិត្យ ចុងសប្តាហ៍​​នេះ​ក្រោយពី Gabriel Jesus បាន​អប​អរ​​ការ​វិល​ត្រឡប់​ពី​របួស​របស់​គេ​ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​១គ្រាប់ ក្នុង​ពេល​​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ ៣-០ លើ​ក្រុម Olympiakos ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃ​អង្គារ​។

Man City កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ ដោយ​ងាយ ក្រោយពី​ដណ្តើម​បាន​៩ពិន្ទុ​ពេញ​ពីការប្រកួត​៣លើក ក្នុងពូល C ក្រោម​ជំនួយ​នៃ​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​របស់ Ferran Torres​។ តា​រាឆ្នើម​អេ​ស្ប៉ាញ​មួយនេះ បានក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ទី​៣​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League ៤លើក​ជាប់​ៗ​គ្នា នៅពេល​ដែល​រូប​គេ​បាន​រក​គ្រាប់បាល់​បើកឆាក​នៅនាទី ទី​១២​។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ក្រុម​របស់​អង់គ្លេស មិន​បាន​បង្ហាញពី​ភាព​មុតស្រួច​ខ្លាំង​ឡើយ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ក្នុង​ក្រប​ខ័ណ្ឌ Premier League ពេល​លេង​ដោយ​គ្មាន​ខ្សែ​ប្រយុទ្ធកណ្តាលម្នាក់ ក្រោយ​ពី Jesus និង Sergio Aguero បាន​ជួប​បញ្ហា​របួស​ដូចគ្នា​នៅ​ដើម​រដូវ​កាល​នេះ​។ Jesus ត្រូវ​បាន​ដាក់​ឲ្យ​ចូល​លេង​​នៅ​រយៈ​ពេល​១៥នាទី​ចុងក្រោយ ដើម្បី​ពង្រឹង​ភាព​រឹង​មាំ​របស់​គេ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្រោយ​ពី​លេង​បាន​ត្រឹម​តែ​១១​នាទី ដើម្បី​បន្ថែម​ការ​នាំមុខ​របស់​ក្រុម Man City​។

លោក Guardiola បាន​ឲ្យដឹងថា៖ «យើង​បាន​លេង​យ៉ាងល្អ​នៅ​តង់​ទី​១ ប៉ុន្តែ ជា​អកុសល្យ យើង​មិន​អាច​បញ្ចប់​ការ​ប្រកួត​នេះ​ដោយ​ងាយឡើយ ដោយ​សារ​តែ​យើង​លំបាក​ក្នុង​ការរក​គ្រាប់បាល់​ទី​២​។ ប៉ុន្តែ Gabriel រក​បាន​គ្រាប់បាល់​ដ៏មិនគួរ​ឲ្យ​ជឿ​​ ហើយ​នេះ​គឺ​ជា​ដំណឹង​ល្អ​ដែល​រូប​គេ​ត្រឡប់​មក​ចូលលេង​វិញ»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia