បរទេស៖ លោក Thomas Tuchel គ្រូបង្វឹក​របស់​ក្លិប Paris Saint-Germain បាន​ច្រាន​ចោល​សំណួរ​ផ្សេង​ៗ​ជុំ​វិញ​អនា​គត​របស់​លោក ក្រោយពី​ការ​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-១ នៅលើ​ទឹកដីក្រុម RB Leipzig កាលពីថ្ងៃ​ពុធ បានផ្តល់​ការ​ខក​ចិត្ត​ដ៏​ធំមួយ​​លើ​ការ​ជឿជាក់​ក្នុងក្រប​ខ័ណ្ឌ Champions League របស់​ក្រុម​ម្ចាស់​ជើង​ឯក​រង​កាល​ពី​រដូវកាល​មុន​មួយ​នេះ​។

គ្រាប់​បាល់​ប៉េ​ណាល់​ទីនៅ​​តង់​ទី​២​របស់ Emil Forsberg បាន​ជួយ​ឲ្យ​ក្រុម Leipzig ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងការ​ប្រកួត​ពូល H របស់​ពួកគេ ក្រោយពី​កីឡាករ Christopher Nkunku បាន​រក​គ្រាប់​បាល់​តាម​ស្មើ​គ្រាប់​បាល់​បើក​ឆាក​របស់ Angel di Maria​។ Di Maria បាន​ស៊ុត​បាល់​ប៉េ​ណាល់​ដ៏សំខាន់​​១​គ្រាប់​មិនចូល​ទី ដើម្បី​បន្ថែម​​ការនាំមុខ​របស់​ក្រុម​ម្ចាស់​ជើង​ឯក​បារាំង PSG បើ​ទោះ​បី​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទឹក​ដីអាល្លឺ​ម៉ង់ ដោយ​​គ្មាន​ទាំង​ខ្សែ​ប្រយុទ្ធ Neymar និង Kylian Mbappe ដោយ​សារ​តែ​របួស​ក៏ដោយ ហើយពួគ​គេ​បាន​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​ជាមួយនឹង​សមា​ជិក​៩នាក់ ក្រោយពី​ការ​រងពិន័យ​កាត​ក្រហម​របស់​កីឡាករ Idrissa Gana Gueye និង Presnel Kimpembe​។

នេះ​គឺ​ជា​ការ​រង​បរា​ជ័យ​ដ៏​​អា​ម៉ាស​សម្រាប់ក្រុម PSG ដែល​បានផ្តួលក្រុម Leipzig ៣-០ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​យុទ្ធនាការ​នេះ​កាលពី​រដូវ​កាល​មុន​ក្នុង​ទីក្រុង Lisbon កាល​ពី​ខែ​សីហា​។ នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​​ដោយ​ទូរ​ទស្សន៍​បារាំង RMC Sport ថា តើ​លោកមាន​អារម្មណ៍​​ថា តំណែង​របស់​លោកស្ថិតក្នុង​ហានិភ័យ ស្រប​​ពេល​ដែល​មាន​ព័ត៌​មាន​លេច​ឮថា លោក​មិន​​មាន​ភាព​ស៊ី​សង្វាក់គ្នា​ជាមួយនឹង​ប្រធាន​ផ្នែក​កីឡា​លោក Leonardo ឬ​យ៉ាង​ណា លោក Tuchel បាន​ឆ្លើយ​ដ៏​សាមញ្ញ​ថា៖ «អត់​ទេ»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia