បរទេស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo របស់​ក្លិប Juventus ​អាច​ចូលលេង​​បាន​ដើម្បី​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អង់​ដូរ៉ា ក្នុងការ​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ នៅ​ចុងសប្តាហ៍​នេះ បើ​ទោះ​បី​បាន​រង​របួស​ក​ជើង ក្នុង​ពេល​ក្រុម​ខ្លួន​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ជាមួយ​នឹងក្រុម Lazio កាលពីចុង​សប្តាហ៍​មុន​ក៏ដោយ​។

នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់​លោក Fernando Santos កាលពីថ្ងៃ​អង្គារ​។ Ronaldo វ័យ​៣៥​ឆ្នាំ ដែល​បានប្តូរ​ចេញ​នៅ​​រយៈពេល​១៥នាទី​ចុងក្រោយ ក្នុងការប្រកួត​កាលពីថ្ងៃ​អាទិត្យ​នៅ​ទីក្រុង​រ៉ូម​នោះ ក៏​អាច​ចូល​លេង​ពេល​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​បារាំង​ផងដែរ នៅ​ថ្ងៃ​សៅរ៍ ចុងសប្តាហ៍​នេះ និង​ការ​ប្រកួតនៅលើ​ទឹកដីក្រុម​ជម្រើស​ជាតិក្រូ​អាស៊ី នៅ​ថ្ងៃ​អង្គារ ក្នុង​យុទ្ធនាការ Nations League​។ លោក Santos បាន​ឲ្យដឹងថា៖ «រូប​គេ​បាន​ហ្វឹក​ហាត់​ជា​ធម្ម​តា ជាមួយនឹង​មិត្ត​រួម​ក្រុម​រប់ស​គេ ហេតុនេះ ប្រសិន​បើ​ខ្ញុំ​សម្រេច​ចិត្ត​លើ​បញ្ហា​នោះ រូប​គេ​រឹង​មាំ​គ្រប់គ្រាន់​ហើយ​ដើម្បី​លេង នៅ​ក្នុងការប្រកួត​៣លើក​​បន្ទាប់​»​។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀត​ថា៖ «រូប​គេ​មិន​បាន​តវ៉ា​ឡើយ​។

ខ្ញុំដឹង​​ចាប់​តាំងពីថ្ងៃ​អាទិត្យ​ថា វា​មិនមាន​បញ្ហា​ឡើយ គ្មាន​អ្វី​ដែលអាច​បញ្ឈប់​រូប​គេ​មិនឲ្យ​ហ្វឹកហាត់​ជា​ធម្ម​តា​បាន​ឡើយ»។ អតីត​តារាឆ្នើម​របស់​ក្លិប Real Madrid រូប​គេ​បាន​លេង​ការ​ប្រកួត​៣លើក​មក​ហើយ បើ​គិត​ចាប់​តាំងពី​ជាសះស្បើយ​ពី​ជំ​ងឺ​កូរ៉ូ​ណា នៅមុន​ពេលក្រុម​ម្ចាស់​ជើង​​​ឯក Nations League ត្រូវ​ជួប​ក្រុម​ជើង​ឯក​រង Euro ឆ្នាំ​២០១៦ បារាំង​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia