បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បាន​ទទួល​ការ​អនុ​ញ្ញាត​ឲ្យ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម​បាល់​ទាត់​ជម្រសើ​ជាតិ​អ៊ី​ស្លង់ ក្នុងការ​ប្រកួត​ពាន Nations League នៅ​សប្តាហ៍​ក្រោយ នាកីឡដ្ឋាន Wembley ក្រោយពី​រដ្ឋា​ភិបាលចក្រ​ភព​អង់គ្លេស បាន​ចេញលិខិត​លើក​លែង​លើ​ការ​ធ្វើ​ដំណើរ​មួយ​សម្រាប់​គូ​ប្រកួត​របស់​ខ្លួន​។

មាន​ការ​ព្រួយ​បារម្ភ​ថា ក្រុម​ជម្រើស​ជាតិ​អង់គ្លេស មិន​អាច​ធ្វើ​ជាម្ចាស់ផ្ទះ​រៀប​ចំ​ការ​ប្រកួត​នៅ​រាត្រីថ្ងៃ​ព្រហស្បតិ៍​បាន​ឡើយ ដោយ​សារ​តែ​បញ្ហា​វីរុស​កូរ៉ូ​ណាក្នុងការ​ប្រកួត​រវាងក្រុម​ជម្រើស​ជាតិ​អ៊ីស្លង់ និង​ដា​ណឺ​ម៉ាក ក្នុង​ទីក្រុង Copenhagen កាលពីថ្ងៃ​អាទិត្យ​។ ក្រុម​ជម្រើស​ជាតិ​ដា​ណឺម៉ាក បាន​ជាប់​បម្រាម​លើ​ការ​ធ្វើ​ដំណើរ ចាប់​តាំងពីថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ដោយ​សារ​តែ​កង្វល់នានា​លើ​ករណី​ឆ្លង​ថ្មី​របស់​ជំ​ងឺ​កូវីដ ១៩ ដែល​នាំ​ឲ្យ​ការ​ប្រកួត​នា​កីឡដ្ឋាន Wembley ស្ថិតក្នុង​ភាព​មិនច្បាស់ ខណៈ​ដែល​សហ​ព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស ​(FA) សម្លឹ​​ង​ឆ្ពោះ​ទៅកាន់​​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​នេះ នៅលើ​ទឹកដី​អាល្លឺ​ម៉ង់​។

ជាមួយ​គ្នានេះ មាន​​​ព័ត៌​មាន​ថា ប្រទេស​អាល់​បា​នី ក៏​ជា​ជម្រើស​មួយ​ផ្សេង​ទៀត​ងផង​ដែរ ក្រោម​ការ​ស្នើ​ពី​ UEFA ប៉ុន្តែ បច្ចុប្បន្ន ទីក្រុង​ឡុងដ៍ បាន​បើក​ភ្លើង​ខៀវ ដើម្បី​ធ្វើ​ជាម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួតនេះ​។ FA បាន​ឲ្យដឹង​ក្នុ​ងសេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «យើង​ពិត​ជា​រីករាយ​ណាស់ក្នុងការ​បញ្ជាក់ថា ក្រោយ​ពី​កិច្ច​ពិភាក្សា​នានា ជាមួយនឹង​អាជ្ញា​ធរ​ពាក់​ព័ន្ធ ការ​ប្រកួត​ពាន UEFA Nations League ជាមួយ​នឹងក្រុម​អ៊ី​ស្លង់ នា​ថ្ងៃ​ពុធ​សប្តាហ៍ក្រោយ នឹង​ដំណើរ​ការនៅកីឡដ្ឋាន Wembley»៕

ប្រភព​ព័ត៌មាន៖ Channel News Asia