បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល នឹង​យក​​ទម្រង់​លេង​យ៉ាងល្អ​របស់​ខ្លួន​ទៅកាន់ការ​ប្រកួត​ជម្រុះ World Cup ឆ្នាំ​២០២២ ប្រចាំ​ទ្វីប​អាមេរិក​ខាង​ត្បូង នៅ​​ថ្ងៃ​អង្គារ (ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ពុធ នៅកម្ពុជា) នៅពេល​ដែលពួកគេ​ធ្វើ​ដំណើរ​ទៅកាន់​ទឹក​ដី​របស់ក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូ​ហ្គាយ ដោយ​គ្មាន​ Neymar និង​ការ​បារម្ភ​ផ្សេង​ៗ​លើ​ទម្រង់​លេង​របស់​ខ្លួន​។

ក្រុម​ប្រេស៊ីល របស់​លោក Tite បាន​កត់ត្រា​ជ័យ​ជម្នះ​​ទាំង​ប្រផិត​ប្រផើយ​ក្នុងលទ្ធ​ផល ១-០ លើ​ក្រុម​ជម្រើស​ជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា កាលពីថ្ងៃសុក្រ តាមរយៈ​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​របស់ Roberto Firmino ដើម្បី​ជួយ​ឲ្យពួក​គេ​ដណ្តើម​បាន​ជ័យ​ជម្នះ​៣លើក​ពីការប្រកួត​ទាំង​៣លើក ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ប្រទេស​កាតា​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្រោយពី​បាន​ជួប​សុទ្ធ​សឹង​តែក្រុម​បាត​តារាង​មក​ទល់ពេលនេះ កៅអី​លេខ​១​របស់ពួក​គេ​នៅក្នុង​ពូល​ជម្រុះ World Cup ដែលមាន​ក្រុម​ខ្លាំង​ចំនួន​១០​ប្រចាំ​តំបន់ CONMEBOL នឹង​ស្ថិតក្រោម​ការ​គំរាម នៅពេល​ដែលពួកគេ​ប្រកួតនៅ​ទីក្រុង Montevideo ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូ​ហ្គាយ ដែលទើប​តែ​បានយកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​កូឡុំ​ប៊ី ក្នុងលទ្ធ​ផល ៣-០ កាលពីថ្ងៃសុក្រ​។

ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​នា​ពេលថ្មី​ៗនេះ ប៉ុន្តែ តារាឆ្នើម Luis Suarez របស់​ក្លិប Atletico Madrid នឹង​អវត្ត​មាន​​សម្រាប់ក្រុម​អ៊ុយរូ​ហ្គាយ ក្រោយពី​បាន​ឆ្លង​វីរុសកូរ៉ូ​ណា​។ លោក Tite បាន​ឲ្យ​ដឹង​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​តាម​អន​ឡាញ​កាលពីថ្ងៃចន្ទ​ថា៖ «យើង​បាន​ទទួល​ជ័យជម្នះ​៣លើក​។ ក្នុង​ជ័យ​ជម្នះ​២លើក​ដំបូង យើង​បាន​បង្កើត​ឱកាស​ជាច្រើន និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជាច្រើន យើង​បាន​លេង​យ៉ាងល្អ និ​បាន​ទទួល​លទ្ធផល​ល្អ​។ ប៉ុន្តែ យើង​ប្រហែល​ជា​លេ​មិនបានល្អ​ក្នុងការប្រកួត​ទី​៣​ពេល​ប៉ះ វ៉េ​ណេ​ស៊ុយ​អេ​ឡា ឡើយ​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia