បរទេស៖ Phil Foden បាន​ថ្លែង​អំណរគុណ​ដល់​លោក Gareth Southgate ចំពោះ​ការ​​រក្សា​ការ​ជឿជាក់​របស់​លោក​លើ​រូប ក្រោយពី​ខ្សែ​បម្រើ​អន្តរ​ជាតិ​អង់គ្លេស​រូបនេះ បាន​ស្តារ​មុខ​មាត់​ត្រឡប់​មក​វិញ​ចំពោះ «ដំណាក់​កាល​ដ៏លំបាក​បំផុត​មួយ​ក្នុង​ជីវិត​របស់​គេ» តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុង​ពេលក្រុម​ខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ​ ៤-០ លើក្រុម​ជម្រើស​ជាតិ​អ៊ី​ស្លង់ កាលពីថ្ងៃពុធ​។

Foden ត្រូវ​បាន​បញ្ជូន​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​លោក Southgate រួម​ជាមួយនឹង​ខ្សែ​ប្រយុទ្ធ Mason Greenwood របស់ក្លិប Manchester United ក្រោយពី​កីឡាករ​ទាំង​២ បាន​ប្រព្រឹត្ត​ល្មើស​នឹង​វិធីសារ​ទប់​ស្កាត់​វីរុសកូរ៉ូ​ណា តាមរយៈ​ការ​អញ្ញើញ​ស្ត្រី​នៅ​អ៊ី​ស្លង់ ឲ្យ​ចូល​ក្នុង​សណ្ឋា​គារ​របស់​ក្រុម អំឡុង​ពេល​ក្រុម​ជម្រើស​អង់គ្លេស​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​អ៊ី​ស្លង់ កាលពី​ខែ​កញ្ញា​។ ចាប់​តាំងពី​ពេល​នោះ​មក កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ ទើបតែ​បាន​​បង្ហាញ​ខ្លួន​​ក្នុង​ជម្រើស​ដំបូង​សម្រាប់ក្រុម​ជម្រើ​ជាតិ​​អង់គ្លេស ជាលើក​ទី​១ប៉ុណ្ណោះ និង​បាន​ដណ្តើម​យក​ឱកាស​របស់​គេ ដើម្បី​ផ្តល់​ការជឿជាក់​ដល់​លោក Southgate​។ ស្រប​ពេលដែល​អង់គ្លេស​កំពុង​តែ​នាំមុខ ២-០ ក្នុង​យុទ្ធនាការ Nations League តារាឆ្នើម​របស់​ក្លិប Manchester City រូបនេះ បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាងល្អនៅនាទី ទី​៨០ ហើយ​បន្ទប់​មក បាន​ស៊ុត​បាល់​បញ្ចូល​ទី​ម្តង​ទៀត តាម​រយៈ​ការ​ស៊ុត​បាល់​ពី​ចម្ងាយ ក្នុងរយៈ​ពេល​៥នាទីក្រោយមក​។

Foden បាន​ឲ្យដឹង​ថា៖ «នោះគឺ​ជា​ដំណាក់​កាល​មួយក្នុង​ចំណោម​ដំណាក់​កាល​ដ៏លំបាក​បំផុតក្នុងជីវិតរបស់​ខ្ញុំ​។ នោះ​គឺ​ជា​ពេល​ដែលអ្នក​ត្រូវ​ការ​ការ​ជឿជាក់​ពី​អ្នក​ចាត់​ការ​ទូទៅ​របស់​អ្នក ហើយ​លោក Gareth បាន​គោរពខ្ញុំ និង​ជឿជាក់​លើ​ខ្ញុំនៅ​យប់​នេះ​»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia