បរទេស៖ លោក Pep Guardiola បាន​បញ្ចប់​ការ​សង្ស័យ​ផ្សេង​ៗ ជុំ​វិញ​អនា​គត​របស់​លោក​ជាមួយនឹង​ក្លិប Manchester City ក្រោយពី​បាន​បន្ត​កិច្ច​សន្យា​រយៈ​ពេល​២​ឆ្នាំ កាលពីថ្ងៃ​ព្រហស្បតិ៍​។

លោក Guardiola នឹង​ត្រូវ​ផុត​កិច្ច​សន្យា​របស់​លោក​នៅ​ចុង​រដូវ​កាល​នេះ ហើយ​មាន​ការ​លើក​ឡើ​ជាច្រើន​ថា គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ អាច​នឹ​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុងការ​ចាក​ចេញពីក្លិប Man City​។ ប៉ុន្តែ បច្ចុប្បន្ន​គ្រូបង្វឹក​វ័យ​៤៩​ឆ្នាំ​រូប​នេះ បាន​យល់​ព្រម​បន្ត​នៅ​កីឡដ្ឋាន Etihad រហូត​ដល់​​ឆ្នាំ​២០២៣​។ Man City បាន​ឲ្យ​ដឹង​លើ​គេហ​ទំព័រ​របស់ខ្លួន​ថា៖ «ក្លិប Manchester City ពិត​ជា​រីក​រាយ​ណាស់​ក្នុងការ​ប្រកាស​ថា លោក Pep Guardiola បាន​បន្ត​កិច្ច​សន្យា​រយៈ​​ពេល​២​ឆ្នាំ ជាមួយនឹងក្លិប​នេះ»​​។ លោក Guardiola អតីត​​គ្រូបង្វឹក​របស់​ក្លិប Barcelona និង Bayern Munich កំពុង​តែ​ស្ថិត​ពាក់កណ្តាលផ្លូវ​ឆ្ពោះ​ទៅកាន់​រដូវ​កាល​​ទី​៥​របស់​លោកក្នុងក្រប​ខ័ណ្ឌ Premier League ហើយ​កិច្ច​សន្យា​ថ្មី​របស់​លោក​នឹង​ធ្វើ​ឲ្យ​លោកបន្ត​ដឹកនាំក្លិប​មួយ​យូរជាង​គេ​បំផុត​​ក្នុង​អាជីព​ជា​គ្រូបង្វឹក​របស់​លោក​។

គ្រូបង្វឹក​រូបនេះ​បាន​ឈ្នះ​ពាន Premier League ២លើក ពាន League Cup ៣លើក និ​ង​ពាន FA Cup ១លើក​ជាមួយនឹងក្លិប Man City បើ​ទោះ​បី​ការ​ឈ្នះពាន Champions League ជាលើក​ទី​១​សម្រាប់​ក្លិប​ Man City នៅ​តែ​ហាក់ស្ថិត​ឆ្ងាយ​ពី​ដៃ​ក៏ដោយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia