បរទេស៖ ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិ​ពល Kevin De Bruyne របស់​ក្លិប Manchester City បាន​បញ្ជាក់​ថា ការផ្លាស់ប្តូរជា​បន្ត​បន្ទាប់ទៅលើច្បាប់​ដៃ​ប៉ះ​បាល់ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​ធ្វើ​ឲ្យ​កីឡាករ​នៅ​លើ​ទីលាន​ប្រកួត មាន​ការ​ភាន់​ច្រឡំ នៅពេល​ដែល​ការ​កាត់​សេចក្តី​​ផ្សេង​ៗ​បាន​កើត​ឡើង​ចំពោះ​រូប​គេ​។

Man City បាន​រង​នូវ​ការ​ខក​ចិត្ត ក្រោយពី​គ្រាប់​បាល់​តាមស្មើ​នៅ​តង់ទី​១​របស់​ខ្សែ​ការ​ពារ Aymeric Laporte ក្នុង​ពេល​ចាញ់​​ក្រុម Tottenham Hotspur ក្នុងលទ្ធផល ២-០ កាលពីថ្ងៃ​អាទិត្យ មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​យក​ជាផ្លូវ​ការ ក្រោយពី​ឧបករណ៍​តាម​ដាន​នៅលើ​ទីលាន​ប្រកួត បាន​បង្ហាញ​ថា Gabriel Jesus បាន​យក​ដៃ​ប៉ះ​បាល់ មុន​នឹង​មាន​គ្រាប់​បាល់​បញ្ចូលទី​។ De Bruyne ប្រធានក្រុម​នៃក្រុម Man City បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំលែង​ដឹង​ច្បាប់​អ្វីទៀតឡើយ​។ ខ្ញុំ​បាន​គិត​ថា ប្រសិន​បើ​ការ​ប៉ះ​បាល់​នៅ​ផ្នែក​ខាង​លើ​នៃ​ដៃ​នោះ​មិនមែន​ជា​ការ​​យក​ដៃប៉ះ​បាល់​ឡើយ ស្រប​ពេល​ដែលមាន​ការ​ផ្លាស់ប្តូរ​ច្បាប់​ជាច្រើន​»​។

កីឡាករ​រូបនេះ​បាន​បន្ថែមទៀត​ថា៖ «អ្វី​ដែល​យើង​អាច​និយាយ​បាន ខ្ញុំ​បាន​លេង​បាល់​ទាត់​អាជីព​អស់រយៈពេល​១២​ឆ្នាំ​ហើយ​រយៈពេល​៩​ឆ្នាំ​ដំបូង មិនមានការផ្លាស់ប្តូរ​ច្បាប់​ឡើយ ហើយ​រយៈពេល​៣​ឆ្នាំ​ចុងក្រោយនេះ មាន​ការផ្លាស់ប្តូរ​ជាច្រើន​។ ខ្ញុំ​មិន​ដឹង​ថា មូលហេតុ​អ្វីឡើយ​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia